កាលពីមុន គេគ្រាន់តែដឹងថា ដំណាំ ទុរេន ដាំបានតែនៅខេត្តកំពតប៉ុណ្ណោះ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ចម្ការទុរេន បានរីកដុះដាល នៅតាមបណ្តាខេត្តមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា ។ ខេត្តត្បូងឃ្មុំ ជាខេត្តមួយ ដែលមានចម្ការទុរេនយ៉ាងច្រើនមិនចាញ់ ខេត្តកំពតឡើយ ហើយរស់ជាតិក៏ផ្អែមឆ្ងុយឆ្ងាញ់ មិនចាញ់ទុរេនខេត្តកំពតដែរ ។
មានកសិករជាច្រើនបានងាក ពីការដាំម្រេច ឬ កៅស៊ូ មកដាំ ទុរេន វិញ ក៏ព្រោះតែ ទុរេន ងាយរកទីផ្សារជាងដំណាំដទៃទៀត ហើយលក់បានថ្លៃថែមទៀត ។ ចម្ការទុរេន ឈុន កាំង ជាចម្ការទុរេនធំមួយក្នុងចំណោមចម្ការទុរេនជាច្រើនទៀត នៅក្នុងខេត្តត្បូងឃ្មុំ ដែលពេលនេះ ចម្ការទុរេនកំពុងតែឱ្យផលគួរជាទីគាប់ចិត្ត ដល់ម្ចាស់ចម្ការនេះ ដែលក្នុង១ថ្ងៃៗ បេះផ្លែទុរេនទុំលក់បានរហូតដល់ទៅរាប់រយគីឡូក្រាមឯណ្ណោះ ។
ម្ចាស់ចម្ការទុរេន ឈុន កាំង បានឱ្យដឹងថា ចម្ការទុរេន របស់គាត់ ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅតាមបណ្តោយផ្លូវជាតិលេខ ៧ ត្រង់គីឡូម៉ែត្រលេខ ១៤-១៦ ពីស្រុកមេមត់ទៅ ស្រុកស្នួល ខេត្តចេះ ។ទុរេន របស់គាត់មានអាយុ ២០ឆ្នាំ ខ្លះ និង ១៣ ឆ្នាំខ្លះ ដែលពេលនេះទុរេនកំពង់ ផ្លែទុំយ៉ាងពេបន្ទុកហើយ ។ ចម្ការរបស់គាត់មាន ១៣ ហិកតា ដោយគាត់ដាំទុរេន សាវម៉ាវ មង្ឃុត ប៊័រ ដូង ខ្នោរ ។ ល ។ ប៉ុន្តែដំណាំ ទុរេន គាត់ដាំច្រើនជាងគេ ដែលមានពូជទុរេនរហូតដល់ទៅជាង ១០ ប្រភេទខុសៗគ្នា ហើយទុរេន ដែលចេញពីចម្ការរបស់គាត់ សុទ្ធតែមានលេខកូដសំគាល់ ច្បាស់លាស់ ធានាគុណភាពត្រឹមត្រូវថា ផ្អែមឆ្ងាញ់ និង មិនប្រើជីគិមីឡើយ ។ ចម្ការទុរេន ឈុន កាំង ចាប់ផ្តើម ប្រមូលផល ចាប់តាំងពីខែឧសភា រហូតមកដល់ខែមិថុនានេះ ដែលទុរេន វាផ្លែបណ្តាក់ ទៅតាមប្រភេទពូជនិមួយៗ ។ ចំណែកឯការលក់ ទុរេនវិញ តម្លៃគឺទៅតាមពូជរបស់វាទុរេនមុនថង លក់នៅក្នុងចម្ការ ១ គីឡូក្រាម មានតម្លៃ ១៧ ០០០ រៀល ឯពូជផ្សេងទៀត មានតម្លៃចាប់ ១២ ០០០រៀល ដល់ ១៦ ០០០ រៀល ក្នុង១ គីឡូក្រាម ។
ម្ចាស់ចម្ការទុរេន លោក ឈុន កាំង បានរៀបរាប់ថា ដើម្បីដាំទុរេន ទទួលបានជោគជ័យ និង ទទួលបានផលល្អ យើងត្រូវតែអនុវត្តន៍ ពីរចំណុចជាកត្តាសំខាន់ គឺទី១ ត្រូវតែរៀបប្រព័ន្ធទឹកស្រោចស្រពឱ្យបានត្រឹមត្រូវ តាមលក្ខណបចេកទេស ហើយការស្រោចទឹក ក៏មានលក្ខណខុសៗគ្នាដែរ ទៅតាមដំណាក់កាលនិមួយៗផងដែរ ។ ទុរេនតូច ស្រោទឹកកម្រិតណា ទុរេនផ្កាត្រូវស្រោចទឹកកម្រិតណា និង ទុរេនកំពុងផ្លែស្រោចទឹកកម្រិតណា ។ ចំណុចទី២ ក៏សំខាន់ណាស់ដែរ គឺការប្រើប្រាស់ជី ការដាំទុរេន បើចង់បានផលល្អ មានរស់ជាតិឆ្ងាញ់ពិសារ ត្រូវប្រើប្រាស់ជីធម្មជាតិជាចាំបាច់ ចំពោះគាត់ គឺការប្រើជីធម្មជាតិ EXM ជាប្រចាំ ទើបទុរេនរបស់គាត់ ផ្លែល្អ និង ឆ្ងាញ់ពិសារ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ចម្ការទុរេន របស់លោក ឈុន កាំង ជាចម្ការទុរេនមួយ ដែលទទួលបានជោគជ័យ លើការដាំដំណាំចម្រុះ ពិសេសគឺ ទុរេននេះតែម្តង ។ សព្វថ្ងៃ ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំទុរេន ប្រមាណជា ៤៥០ ហិកតា នេះមិនគិតដល់ការដាំដុះទុរេនថ្មី ដែលកសិករ ខ្លះយកដីកៅស៊ូ ឬ ដីចម្ការម្រេច មកដាំ ទុរេនវិញនៅឡើយទេ ។ បើចង់ដាំទុរេន ឱ្យទទួលបានផលល្អត្រូវតែ រៀនពីបច្ចេកទេសដាំដុះ និង ការថែទាំជាមុនសិន ទើបមិនបរាជ័យ ។ ប្រសិនបើចង់ទិញ ទុរេន ឬ ចង់រៀនពីបច្ចេកទេសដាំទុរេន អាចទាក់ទងទៅកាន់ម្ចាសចំការទុរេន ឈុន កាំង ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០១២ ៨២ ៩៩ ៩៩ ៕