មិញៗនេះ ឯកឧត្តម ស ថេត ដាក់បញ្ជាឱ្យស្ទូចរថយន្តណាចតល្មើសស្លាកសញ្ញា និង គំនូសសញ្ញាចរាចរណ៍ យកផាកពិន័យគ្មានលើកលែង
នៅមុននេះបន្តិច ទំព័រហ្វេសប៊ុករបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបង្ហោះព័ត៌មានមួយ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ផ្ទាល់បានបញ្ជាឱ្យសមត្ថកិច្ចស្ទូចរថយន្តទាំងឡាយណាដែលចតល្មើសស្លាកសញ្ញា និង គំនូសសញ្ញាចរាចរណ៍ យកមកធ្វើការផាកពិន័យ ដោយគ្មានការលើកលែងឡើយ ។
នៅក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ការរិយាល័យចរាចរណ៍ផ្លូវគោក ការរិយាល័យសណ្តាប់ធ្នាប់ និង អធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែចេញកម្លាំង និង រថយន្តស្ទូច ជាប្រចាំដើម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅទាំងអស់ ដើម្បីកាត់បន្ថយការកកស្ទះ និង រៀបចំទីក្រុងឲ្យមានសោភណ្ឌភាពល្អ ៕