តិចអត់ដឹង ការលេងល្បែងចោលឈូង ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ គឺអាចលេងបានពីរបែប
ល្បែងចោលឈូងឬបោះឈូងជាល្បែងម្យ៉ាងដែលគេតែងនិយមលេងនៅវេលាយប់ខែភ្លឺក្នុងរដូវចូលឆ្នាំថ្មី (ខែ ចេត្រ – ពិសាខ) ដែលល្បែងនេះអាចលេងបានទាំងយុវជនយុវនារី ឬ មនុស្សចំណាស់ៗ ប្រុស – ស្រី ដោយមិនប្រកាន់។
អ្នកលេងល្បែងចោលឈូងត្រូវបានគេចែកគ្នាជា ២ ពួកប្រុសមួយពួក , ស្រីមួយពួកដែលក្នុងមួយពួក ៗ មានគ្នាចំនួន ពី ១០ នាក់ ឬ ២០ នាក់ ឡើងទៅឈរត្រៀមជាពីរជួរទល់មុខគ្នាឃ្លាត ពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយក ក្រមា ឬ កន្សែងមកឆ្មូលឲ្យមូលចងរឹតឲ្យតឹងណែនល្អទុកឲ្យមានកន្ទុយបន្តិច ហៅថា ឈូង សម្រាប់កាន់បោះ ឬ ចោលទៅមករកគ្នា។ ការលេងល្បែងឈូងមានពីរបែប ៖ ឈូង ច្រៀងរាំ និង ឈូង លោះខ្ញុំ
១. ការលេងឈូងច្រៀងរាំ៖ មុនដំបូងពួកខាងប្រុស បោះឈូងទៅឲ្យពួកខាង ស្រី ពួកខាង ស្រី ប្រុងចាប់ កុំឲ្យធ្លាក់ដល់ដីបើធ្លាក់ដល់ដីគេចាត់ជា ស្អុយហើយគេចាប់ផ្ដើមបោះទៅឲ្យខាងប្រុសវិញពួកខាងប្រុស ប្រុងចាប់កុំឲ្យធ្លាក់ដល់ដី ។ កាលណាខាងប្រុសចាប់បានហើយត្រូវចោលសំដៅទៅពួកខាង ស្រី គឺ សំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ជាស្អុយរួចគេចាប់ផ្ដើមបោះជាថ្មីទៀត បើចោលត្រូវ ស្រីណាហើយ ស្រីនោះ ច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថាច្រៀងរាំជូនឈូង ។ របៀបច្រៀងរាំនោះម្នាក់កាន់ឈូងនាំមុខម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា «ប្អូនចាប់ ឈូងបានឈូងបែកជាបួនព្រលឹងប្រុសស្ងួនទទួលឈូងទៅ » ។ ពួក ស្រីៗ ក្រៅពីនោះ គ្រប់គ្នាទទួលថា «ឱ្យណាកែវ កែវពី អា ឱណាកែវអឺយអឺ អឺង អឺយ !» រួចហើយហុចឈូងនោះទៅឲ្យ ប្រុសៗទទួល យក ហើយក៏ផ្ដើមបោះឈូងនោះ ទៅឲ្យពួកខាង ស្រីចាប់វិញ ។
បើពួក ស្រី ចាប់ឈូងបានក៏ចោល សំដៅទៅពួកប្រុស បើចោលត្រូវ ប្រុសណា ប្រុសនោះត្រូវរាំនាំឈូង ទៅជូនខាង ស្រី ដោយច្រៀងជាទំនុក ថា « បង ចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបងទទួល ឈូងទៅ » ។ ពួក ប្រុសៗ គ្រប់គ្នាទទួលបន្ទរថា«ឲ្យណា កែវ កែវ ពី អា ឱ ណា កែវ អឺយ អឺ អឺ ង អឺយ !» ហើយក៏ហុចឈូងនោះទៅឲ្យ ពួក ស្រីៗទទួលយកទើបផ្ដើម បោះ តទៅទៀត ។
២. ចំពោះការលេង ឈូងលោះខ្ញុំ៖ ដើមដំបូងខាងប្រុសគេផ្ដើមច្រៀង ១ ទំនុកជាមុន។ ឯទំនុកច្រៀង ឈូងមានច្រើនបែបប្លែកៗទៅតាមប្រាជ្ញា របស់អ្នកនាំច្រៀងនៅតាមស្រុកភូមិនិងតំបន់ ។ ពេលនេះសូមស្រង់យកតែទំនុកធម្មតាដែលអ្នកលេង ឈូងគ្រប់ស្រុក គេតែងច្រៀងគ្រប់គ្នា ថា ៖ «បងបោះឈូងទៅ អូនអើយកំពស់ចុងដូង ( ស្ទួន ) ក្រមុំ ឈរច្រូងអូនអើយទទួល ឈូងបង » ឬថា «បង បោះឈូងទៅ ឈូងបែក ជាបួន ស្រី ណាមានខ្លួនទទួលឈូងបង» ៘ ច្រៀងហើយគេ ស្រែក ប្រាប់ថាឈូងអើយឈូង ! ហើយអ្នកផ្ដើម ទំនុកក៏បោះឈូងទៅលើ ពួកស្រីៗឲ្យពួក ស្រីៗចាប់ ។ ខាង ស្រី ចាប់ឈូងបានគេ ចោលសំដៅទៅរក ប្រុសណាដែល ត្រូវចិត្តបើចោលទៅត្រូវ ប្រុសណាគេទៅចាប់ យក ប្រុស នោះមកទុកខាងពួកគេ ។ បើចោលមិនត្រូវទេ ខាង ប្រុសគេចាប់ ឈូងនោះចោលសំដៅមក រក ស្រីណា ដែលគេស្ម័គ្រ បើខាង ប្រុស ចោលមកត្រូវខាង ស្រី ហើយប្រុសម្នាក់ដែលស្រីចាប់យកទៅ ទុកមុននោះត្រូវបានរួចខ្លួន បើប្រុសចោលមិនត្រូវស្រីវិញទេប្រុសម្នាក់ នោះត្រូវនៅខាង ស្រីដដែល ។ បើខាងណាប៉ិនប្រសប់ គេចោលយកខាងម្ខាងទាល់តែអស់ ។ កាលណាអស់គ្នាហើយគេផ្ដើមលេងសារជាថ្មី ដោយឲ្យខាង ស្រី បោះឈូងទៅឲ្យខាង ប្រុសមុនវិញ ។ មុន នឹង ស្រីៗ ចោលឈូងទៅឲ្យ ប្រុសគេ ស្រែកច្រៀង ថា«អូនបោះឈូងទៅបង អើយកំពស់ចុងស្លា ប្រុស ឈរត្រៀបត្រា បងអើយទទួលឈូងអូន» ៘ ច្រៀង ហើយគេ ស្រែកថា« ឈូងអើយឈូង »!ហើយគេបោះ ឈូងទៅលើពួកប្រុសៗ ។
ឯខាង ប្រុស បើគេចាប់ឈូងខាង ស្រីបាន ហើយគេចោលឈូងនោះសំដៅទៅ ស្រីៗ កាលបើត្រូវ ស្រីណាម្នាក់គេចាប់យក ស្រីនោះមកទុក ខាងគេ ។ បើខាងណាអស់មនុស្សគេចែកគ្នាលេងសារជាថ្មី ។ មនុស្សដែលគេចាប់បាននោះជួនកាលគេចងមុខឱ្យជិតរួចក៏លែងឲ្យរត់ទៅកាន់ទីផ្សេងៗដើម្បីទុកជាការសើចលេងកម្សាន្ដតសប្បាយ។
របៀបលេងបែបទី ២ នេះ ជួនកាលអ្នកលេងគេលេងកាត់ដោយមិនបាច់ច្រៀង គឺគេចាប់ផ្តើមបោះ ឬ ចោលឈូងតែម្ដងក៏មាន ។ ល្បែងនេះរាប់ចូលក្នុងប្រភេទកីឡាមួយ ជួយក្នុងការហាត់ភ្នែកឱ្យវាងវៃ, ហាត់ដៃឱ្យត្រង់ផង និង ជាការកម្សាន្ដតសប្បាយ ដោយមានការ រាំច្រៀងសប្បាយលាយជាមួយផង៕
អត្ថបទ៖ ស្រាវជ្រាវតាមរយៈ wikipedia