ប្លែកមែន! បុរសម្នាក់ប្រើបាល់ប្លាស្ទិកធំមួយដើម្បីរក្សាគម្លាតសុវត្ថិភាព ក៏ដូចជាការពារខ្លួន ពេលចេញក្រៅ
កូវីដ ១៩ មិនទាន់អនុញ្ញាតឱ្យពិភពលោកបានសម្រាកនៅឡើយទេ ខណៈចំនួនករណីឆ្លងបានធ្លាក់ចុះបន្តិច ក៏ចាប់ផ្តើមរលកថ្មីជាបន្តបន្ទាប់ ។ ជាមួយគ្នានោះដែរ ប្រជាជននៅតាមបណ្តាប្រទេសនានា ត្រូវតែគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការ រក្សាគម្លាតសុវត្ថិភាព ក៏ដូចជាវិធានការនានាដែលចេញដោយរដ្ឋរបស់ខ្លួនផងដែរ ។
យ៉ាងណាមិញ ការពាក់ម៉ាស់ ក៏ដូចជារក្សាអនាម័យ គឺជារឿងដែលចាំបាច់បំផុតដែលមនុស្សទាំងអស់ត្រូវតែធ្វើដើម្បីការពារខ្លួនឯងផ្ទាល់ក៏ដូចជាមនុស្សនៅជុំវិញខ្លួនផងដែរ ។
ដោយឡែកបុរសម្នាក់បានធ្វើឱ្យអ្នកលេងនៅលើបណ្តាញទំនាក់ទំនងសង្គមមានការចាប់អារម្មណ៍ជាខ្លាំងចំពោះវិធានការរក្សាគម្លាតសុវត្ថិភាពរបស់គាត់ គឺគាត់បានយកបាល់ផ្លាស្ទិកដែលមានទំហំធំ បន្ទាប់មកចូលទៅក្នុងនោះ ហើយប្រើវានៅពេលធ្វើដំណើរដើរចេញទៅក្រៅម្តងៗ ។
តាមសារព័ត៌មាន MSN បានឱ្យដឹងថាបុរសនោះបានធ្វើដំណើរនៅក្នុងតំបន់ Belgrave ដែលមានចម្ងាយប្រមាណជា ៤៧គីឡូម៉ែត្រពី Melbourne ដោយជើងទទេ ហើយក៏គ្មានពាក់ម៉ាស់អ្វីដែរ ។ នៅក្នុងវីដេអូដែលបង្ហាញពីដំណើររបស់គាត់ គេក៏បានឮគាត់ស្រែកថា «I’m the man in the bubble!» មានន័យថា «ខ្ញុំ គឺជាបុរសពពុះ» ពេលកំពុងធ្វើដំណើរតាមផ្លូវ ៕