លោកអ្នកប្រាកដជាធ្លាប់បានញុំាសាច់ងៀត ដែលមានរសជាតិទៅតាមចំណូលចិត្តជាក់ជាមិនខាន ដូចជា គោងៀត ជ្រូកងៀត ក្របីងៀត ឬ ត្រីងៀត ជាដើម ហើយនៅក្នុងនោះវិធីធ្វើងៀតទាំងនេះ ក៏មិនសូវជាខុសប្លែកគ្នាប៉ុន្មាននោះទេ ។ យ៉ាងណាមិញថ្ងៃនេះ «ប្រជាប្រិយ» នឹងមកបង្ហាញលោកអ្នកពីរបៀបធ្វើជ្រូកងៀតបែបសិង្ហបុរីមានរជាតិប្រៃផ្អែមវិញម្តង ដែលមានរសជាតិឆ្ងាញ់ជាប់មាត់មិនចាញ់រសជាតិសាច់ងៀតដទៃនោះទេ ។ ជ្រូកងៀតបែបសិង្ហបុរីនេះភាគច្រើននៅកម្ពុជាតែងតែទៅទិញស្រាប់នៅតាមបណ្តាផ្សារទំនើប ដែលមានដាក់លក់ជាកញ្ចប់ៗ ។
របៀបធ្វើជ្រូកងៀតបែបសិង្ហបុរី (Bak Kwa Singaporean Pork Jerky)
-គ្រឿងផ្សំ ៖ សាច់ជ្រូកស្មាមុខលាយខ្លាញ់តិចៗកិនម៉ដ្ឋល្មម ១ គីឡូ ស្រាចិនសម្រាប់ធ្វើម្ហូប ១ គម្រប, ទឹកត្រី ២ ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់ កន្លះស្លាបព្រាបាយ, ប្រេងល្ង ១ ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ ស្លាបព្រាបាយ, ម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយ, ម្រេចកន្លះចុងស្លាបព្រាកាហ្វេ, ម្សៅខ្ទឹម ១ ស្លាបព្រាកាហ្វេ, ម្សៅគ្រឿងផាក់ឡូវ (5 spices) ១ ស្លាបព្រាកាហ្វេ, ទឹកឃ្មុំ ៥ ស្លាបព្រាបាយពេញៗ (៤ ស្លាបព្រាលាយជាមួយសាច់ជ្រូក ១ ស្លាបព្រាលាយជាមួយទឹកក្ដៅឧណ្ហៗ ១ ស្លាបព្រាបាយដែរ ទុកលាបពីលើសាច់ពេលអាំង) បើគ្មានទឹកឃ្មុំអាចប្រើស្ករអំពៅ/ស្ករត្នោត ៥ ស្លាបព្រាបាយដែរ, ម្សៅម្ទេស Peprika ១ ស្លាបព្រាបាយ (ខដាក់យកពណ៌ក្រហមស្អាត) បើចង់ហឹរអាចជំនួសម្ទេសស្ងួតម៉ដ្ឋក៏បាន ។
-វិធីធ្វើ ៖
១-ប្រឡាក់សាច់ និង គ្រឿងផ្សំខាងលើច្របាច់ឱ្យចូលគ្នាសព្វល្អ ហើយទុកឱ្យចូលជាតិគ្នាបន្តិចប្រហែល ១៥ នាទី
២-រួចយកសាច់មកដាក់លើក្រដាសដុតនំ ហើយសង្កត់ឱ្យសំប៉ែតកម្រាស់ ១ សង់ទីម៉ែត្រ
៣-រួចយកទៅហាលថ្ងៃ ១ ថ្ងៃ ឬ ដុតក្នុងឡឱ្យក្រៀមកំដៅ ១៧៥ អង់ស្សាសេ ចំនួន ១៥ នាទី រួចក្រៀមហើយកាត់វាដុំរាងការ៉េៗ តាមចូលចិត្ត ។
៤-យកសាច់ដែលក្រៀមហើយ មកអាំងធ្យូងប្រើភ្លើងតិចៗ ឬឡដុតកំដៅ ១៧៥ អង់ស្សាសេ ចំនួន ៥ ទៅ ៧ នាទី ហើយប្រែសាច់អាំងទាំងសងខាងបណ្ដើរ លាបល្បាយទឹកឃ្មុំបណ្ដើរពីលើសាច់ឲ្យក្រហមរលោងល្អ ៕
ប្រភព fb: Chuop Romdoul