គន្លឹះសំខាន់ៗសិស្សទី ១២ គួរដឹង ដើម្បីត្រៀមខ្លួនប្រឡងបាក់ឌុបឱ្យបានពិន្ទុល្អ
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈអាចនឹងត្រូវបានរៀបចំការប្រឡង ពោលគឺការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំសិក្សា ២០១៩-២០២០ នៅក្នុងកំឡុងខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ប្រសិនបើស្ថានការណ៍នៃការរាតត្បាតវីរុសកូវីដ ១៩ អាចគ្រប់គ្រងបាន ។
ភ្ជាប់ជាមួយបញ្ហានេះផងដែរ សម្រាប់សិស្សថ្នាក់ទី ១២ ទាំងអស់ពិតជាមានការព្រួយបារម្ភចំពោះការប្រឡងរបស់ខ្លួនជាខ្លាំង បើទោះបីជាកន្លងមកនេះមានការសិក្សាតាមប្រព័ន្ធអនឡាញក៏ដោយ ប៉ុន្តែវាហាក់បីដូចជារឿងថ្មីមួយសម្រាប់ពួកគេ ។ ដើម្បីជាជំនួយស្មារតីដល់ប្អូនៗទី ១២ ខាងក្រោមនេះជាគន្លឹះមួយចំនួនសម្រាប់ត្រៀមខ្លួនឡើងវិញ ក្នុងការប្រឡងខាងមុខឱ្យទទួលបាននិទ្ទេសល្អផងដែរ ៖
១. ចូលរួមការសិក្សាតាមប្រព័ន្ធអនឡាញឱ្យបានទៀងទាត់
ជាការពិតណាស់ ក្នុងកំឡុងពេលនេះ យើងពុំអាចទៅអង្គុយរៀននៅសាលាបាននោះទេ ដូច្នេះអ្វីដែលសំខាន់ត្រូវធ្វើមិនគេគឺការចូលរៀនតាមអនឡាញជាមួយអ្នកគ្រូលោកគ្រូឱ្យបានទៀតទាត់ជាមួយការយកចិត្តទុកដាក់ខ្ពស់ ហើយចាត់ទុកវាដូចជាការរៀននៅសាលា ។ ការធ្វើបែបនេះនឹងអាចជួយឱ្យយើងតាមទាន់មេរៀនតាំងពីចំនុចស្រួល រហូតដល់លំបាក ហើយពេលចូលដល់ចំនុចលំបាកយើងមានគ្រឹះរឹងមាំល្អ ។ ជាពិសេសប្រសិនបើយើងតាមមិនទាន់មេរៀនណាមួយហើយ វានឹងចាប់ផ្តើមកើតចិត្តធុញទ្រាន់បន្តិចម្តងៗ ដោយសារតែការស្តាប់មិនយល់ ឆ្ងល់មិនកើត ។
២. បែងចែកកាលវិភាគសម្រាប់ស្វ័យសិក្សា
ក្រៅពីការសិក្សានៅសាលា ការសិក្សាដោយខ្លួនឯងឬជាមួយមិត្តភក្តិពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ហើយនេះក៏ជាអ្វីដែលសិស្សទី១២ ត្រូវតែធ្វើស្រាប់ទៅហើយប្រសិនបើចង់បាននិទ្ទេសល្អ ។ ការសិក្សាជាមួយគ្រូតែមួយមុខពិតមិនគ្រប់គ្រាន់នោះឡើយ ។ ជាមួយគ្នានេះ យើងអាចបែងចែកពេលវេលាសម្រាប់មើលមេរៀន ឬធ្វើលំហាត់ឱ្យ បាន ២ ឬ ៣ម៉ោងក្នុងមួយថ្ងៃ ឬអាចច្រើនជាងនេះ ។ ឧទាហរណ៍ដូចជា ថ្ងៃនេះត្រូវរៀនធ្វើលំហាត់ជីវវិទ្យា និង គីមីវិទ្យា ចែកគ្នាម្នាក់ ១ម៉ោង កន្លះ ចំណែកថ្ងៃស្អែកត្រូវរៀន គណិត និង រូបវិទ្យា ចែកម៉ោងដូចគ្នា បើយបន្តធ្វើបែបនេះនៅថ្ងៃបន្តបន្ទាប់ជាមួយមុខវិជ្ជាផ្សេងទៀត ឬដូចគ្នាក៏បាន តែត្រូវច្បាស់ថា មុខវិទ្យាទាំងអស់សុទ្ធតែបានរៀន ។
៣. ហ៊ានសួរមិត្តភក្តិ លោកគ្រូ អ្នកគ្រូចំពោះចម្ងល់ខ្លួន
ក្នុងកំឡុងពេលដែលរៀនម្នាក់ឯង ត្រូវហ៊ានសួរទៅកាន់មិត្តភក្តិដែលគិតថាអាចជួយបាន ឬសួរទៅគ្រូភ្លាមៗ តាមប្រព័ន្ធអុីនធឺណែតក៏បាន យ៉ាងណាគឺមិនត្រូវទុកឱ្យចម្ងល់គរឡើងបន្តិចម្តងៗរហូតដល់ធ្វើអ្វីលែងកើតនោះទេ ហើយបើកាលណាចម្ងល់ពេញក្នុងខួរក្បាល យើងក៏មិនអាចបញ្ចូលអ្វីថ្មីទៀតបានដែរ ។ ការយកចម្ងល់ទៅសួរមនុស្សជិតស្និត ឬ គ្រូ ភ្លាមៗ នឹងធ្វើឱ្យយើងចាំកាន់តែបានល្អ ជាជាងការពន្យល់មេរៀនរបស់គ្រូទៅទៀត ព្រោះវាជាអ្វីដែលកើតពីការចង់ដឹងរបស់យើង ។
៤. រៀនធ្វើវិញ្ញាសារចាស់ៗដែលធ្លាប់ចេញឡើងវិញ
សូមកុំភ្លេច ចាប់ផ្តើមរៀនធ្វើវិញ្ញាសារចាស់ៗដែលធ្លាប់ចេញប្រឡងឆ្នាំមុនៗ ដើម្បីធ្វើតេស្តសមត្ថភាពខ្លួនឯង ហើយប្រសិនបើមេរៀននោះរៀនមិនទាន់ដល់យើងអាចធ្វើតែចំនុចណាដែលយើងរៀនសិនក៏បាន ។ យើងអាចចំណាយពេលក្នុងកាលវិភាគដែលយើងប្រើសម្រាប់ស្វ័យសិក្សារួមបញ្ជូលការធ្វើវិញ្ញាសារចាស់ៗដែរក៏បាន ។
៥. ចាប់ផ្តើមស្វែងយល់ពីចំនុចខ្វះខាតរបស់ខ្លួនឯង
ការដឹងពីចំនុចខ្វះខាតរបស់ខ្លួនឯង លុះត្រាតែយើងមានការអនុវត្តច្រើន ដូចជាការអនុវត្តការធ្វើលំហាត់ជាដើម ។ នៅពេលដែលធ្វើច្រើន ធ្វើយូរៗទៅយើងនឹងដឹងថា មេរៀនណា ឬមុខវិជ្ជាណាដែលយើងមិនសូវចេះ មិនសូវយល់ មិនសូវចាំជាដើម នៅពេលនោះយើងអាចមានពេលគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនផ្តោតលើមុខវិជ្ជាដែលខ្សោយ បានមុនពេលគៀកថ្ងៃប្រឡង ។
៦. សម្រាកលម្ហែខួរក្បាលតាមចំណង់ចំណូលចិត្តរបស់ខ្លួន
ជាការពិតណាស់ យើងមិនអាចរៀនៗរហូតគ្មានពេលសម្រាកខ្លួនក្បាលបាននោះឡើយ ព្រោះខួរក្បាលពិតជាទ្រុឌទ្រោមមិនខានប្រសិនបើយើងខំប្រឹងជ្រុល ឬអាចនិយាយបានថាអាចទៅជាបំផ្លាញសុខភាពយើងទៅវិញ ហើយអ្វីដែលគួរឱ្យបារម្ភបំផុតគឺឈឺនៅថ្ងៃប្រឡង ។ ដូច្នេះការដែលការថែទាំខួរក្បាលឱ្យមានសុខភាពល្អ ស្រស់ថ្លា ក៏អាចជួយពន្លឿនដល់ការយល់ដឹងរបស់យើងដែរ ប៉ុន្តែកុំឱ្យសោះ បណ្តោយខ្លួនឱ្យសម្រាកធ្វើរឿងឥតប្រយោជន៍ច្រើនជាងម៉ោងរៀន ៕