អ្នកបើកអាជីវកម្មរកស៊ីលើមុខជំនួញអ្វីមួយ តែងតែប្រាថ្នាចង់ឱ្យអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យ ប៉ុន្ទែមានអ្នកខ្លះក៏ទទួលបានជោគជ័យដូចបំណង ហើយអ្នកខ្លះទៀត ក៏បរាជ័យទៅវិញ ។ មិនមានអ្នកណាម្នាក់ ដែលចង់ឱ្យមុខជំនួញ ឬ អាជីវកម្មរបស់ខ្លួនជួបរឿងបរាជ័យឡើយ ។
លោក ឧកញ៉ា ហួត ជា គឺជាប្រធានក្រុមហ៊ុន ហួត ជា ផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា មកដល់ពេលនេះ ជំនួញរបស់លោកទទួលបានជោគជ័យយ៉ាងខ្លាំង ។ តែគេមិនបានដឹងថា តើលោកឧកញ៉ា មានយុទ្ធសាស្ត្រ ឬ ចំណុចគន្លឹះអ្វីខ្លះ ដែលនាំឱ្យមុខជំនួញ ឬ អាជីវកម្មរបស់លោកទទួលបានជោគជ័យបែបនេះ ។
លោកឧកញ៉ា ហួត ជា បានលើកឡើងងថា ការដែលយើងធ្វើអាជីវកម្ម ហើយនៅពេលដែលយើងដាក់ឈ្មោះវាហើយ យើងចាប់រកគោលដៅនៃអាជីវកម្ម យើងចាប់យកប្រភេទនៃអាជីវកម្មហើយ បងប្អូនត្រូវតែមានគ្រឹះទាំង ១០ ឬ ធាតុផ្សំទាំង១០នេះចូល បងប្អូននឹងមានការរីកចម្រើនបន្ថែមទៀត ។ ដោយចំណុចគន្លឹះ ឬ ធាតុផ្សំទាំង ១០នោះ រួមមាន ៖
-ចំណុចទី១ បងប្អូន ត្រូវចេះគិតមុនគូ ឬ ភាសាបច្ចេកទេសហៅថា ធ្វើ Bussiness Plan រៀបចំគម្រោងអាជីវកម្មឱ្យបានច្បាស់លាស់ គ្មានអ្វីដែលធ្វើឡើង ដោយមិនមានគម្រោងនោះទេ កាលណាបងប្អូនធ្វើមិនមានគ្រោងប្រៀបដូចជាផ្ទះនោះ សាងសង់ហើយ មិនមានគ្រឹះរឹងមាំ ជួនកាលកាលត្រូវរុះរើស ឬ ជួនកាលសង់ទៅវាចុះលុយកាន់តែច្រើន ដូច្នេះខ្ញុំសុំណែនាំបងប្អូនឱ្យរៀបចំគម្រោងជាមុនសិន មុននឹងយើងចាប់ផ្តើមប្រកបរបរអាជីវកម្មអ្វីមួយ ។
-ទី២ គឺធនធានមនុស្ស នេះនៅក្នុងចំណុចគិតមុនគូ ឬ គំនិត Bussiness Plan ថាតើមានអ្នកណាគេទៅបំពេញការងារអាជីវកម្មរបស់យើងនេះ ។ ចឹងសុំឱ្យបងប្អូនត្រូវចេះគិតមុនគូ គិតហើយបានគូ នោះអាជីវកម្មនឹងរកស៊ីបានយូរ ជាងអ្វីដែលយើងមិនបានគិត ហើយក្នុងការគិតនេះ យើងត្រូវរៀបចំគម្រោងច្បាស់លាស់ ហើយរៀបចំធនធានមនុស្សថា អ្នកណាជាអ្នកទៅធ្វើ ? ហើយរៀបចំប្រតិបត្តិការណ៍ ឬ ដំណើរការនោះរបៀបយ៉ាងម៉េចគឺយើងត្រូវសួរទៅអ្នកគ្រប់គ្រង ឬ ក៏សួរទៅម្ចាស់អាជីវកម្ម ឬ ក៏សួរទៅក្រុមការងារនោះ ហើយក៏ត្រូវតែសិក្សាពីគុណតម្លៃ នៃអាជីវកម្មនោះ ថាតើអាជីវកម្ម ដែលយើងបង្កើតនឹងមានគុណតម្លៃអ្វីដែរ ឬ អត់? មានអ្វីដែលគេទិញយើងបាន ? ថាតើអ្វីខ្លះ ដែលគេអាចប្រើប្រាស់សេវាកម្មយើង ឬ ទិញផលិតផលយើង បើអ្នកទាំងអស់គ្នារកគុណតម្លៃនៃអាជីវកម្មនោះមិនឃើញទេ អ្នកទាំងអស់គ្នានឹងពិបាក ។ ខ្ញុំសុំឱ្យរៀបចំផែនការអាជីវកម្មឱ្យបានលម្អិត តាំងពីយើងធ្វើផែនការឱ្យបានច្បាស់លាស់ ហើយរៀបចំវាថាត្រូវធ្វើយ៉ាងម៉េច ហើយត្រួតពិនិត្យផែនការនោះឱ្យបានច្បាស់លាស់ នៅពេលត្រួតពិនិត្យហើយគឺ មានភាពជាអ្នកដឹកនាំនៅក្នុងនោះ នឹងមានការវាយតម្លៃថា អាជីវកម្មនោះវាល្អ ឬ មិនល្អ បុគ្គលិកនោះធ្វើការបាន ឬ ក៏មិនបាន ។
-ចំណុចទី៣ កំណតផែនការរបស់ទីផ្សារ ចឹងយើងត្រូវសិក្សាទីផ្សារថា ប្រភេទផលិតផលអ្វី ដែលយើងត្រូវយកមក ជាប្រភេទផលិតផលអ្វីគេ ហើយប្រភេទសេវាកម្មអីគេ តើវាពេញនិយមឬ អត់ ? អ្នកណាជាអតិថិជនរបស់យើង នេះជាចំណុចសំខាន់ ។ កំណត់ផែនការទីផ្សារប្រភេទគោលដៅ ប្រភេទសេវាកម្ម ឬ ក៏សិក្សាអតិថិជន សិក្សាអតិថិជនហើយ យើងត្រូវសិក្សាគូប្រកួតប្រជែងថាតើអ្នកណាជាគូប្រកួត ប្រជែងផលិតផលរបស់យើង តើអ្នកណា គេអាចវាយយើងដួល ?តើអ្នកណាជាអ្នកប្រជែងតម្លៃ ? អ្នកណាជាអ្នកប្រជែងទីផ្សាររបស់យើង ? ។
-ចំណុចទី៤ គឺយើងត្រូវតែរៀបចំ ផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ពីព្រោះវាជាបេះដូងនៃអាជីវកម្មរបស់យើង អ៊ីចឹងយើងត្រូវរៀបចំទុន ថាតើទុនមានប៉ុន្មាន ? ហើយយើងដាក់បម្រុងប៉ុន្មាន ? ក៏កៀងគរទុនបើយើងខ្វះខាត ឬ បើយើងត្រូវរកស៊ីធំ ។ ហើយបន្ទាប់មកទៀតក៏យើងត្រូវតែធ្វើការពិនិត្យ ការចំណូលចំណាយរបស់យើង ដូច្នេះយើងត្រូវមានការត្រួតពិនិត្យឱ្យបានល្អ និង ច្បាស់លាស់ ។
-ចំណុចទី៥ -ការរៀបចំរចនាសម្ព័ន្ធការងារ ឬ ក៏ធនធានមនុស្ស ហើយធនធានមនុស្សនេះគឺសំខាន់ណាស់ ត្រូវចេះមើលចក្ខុវិស័យ ធនធានមនុស្សថាត្រូវជាមួយក្រុមហ៊ុនយើង ឬ អត់ ? ហើយតើគេធ្វើការមានគោលដៅដូចយើង ឬ អត់ ? ។
-ចំណុចទី ៦ គឺការកសាងអតិថិជន យើងចងក្រងវាហើយ ប៉ុន្តែយើង អត់ចេះកសាងវា ហើយយើងត្រូវសិក្សាឱ្យច្បាស់ថាតើអ្នកណា ដែលអាចជាអតិថិជនរបស់យើង? ។ ហើយការ រកស៊ីគឺធ្វើយ៉ាងម៉េចកុំផ្តួលគេ គឺរកស៊ីធ្វើតែល្អទៅ អតិថិជនគេចេះវាយតម្លៃហើយ ។
-ចំណុចទី៧ -ពង្រឹងការកសាងកេរ្តិ៍ឈ្មោះ ការកសាង និង ពង្រឹកកេរ្តិ៍ឈ្មោះនេះ សំខានណាស់ ពីព្រោះអ្វីមួយ ដែលមានម៉ាកយីហោច្បាស់លាស់នោះ គេនឹងតាមទិញយើងអ៊ីចឹងសូមបងប្អូនព្យាយាមកសាងកេរ្តិ៍ឈ្មោះ ហើយនឹងកិត្តិយសរបស់យើង និង ភាពស្មោះត្រង់របស់យើង ។
-ចំណុចទី៨ គឺត្រូវធ្វើឱ្យដូចជាការលេងហ្គេម ឱ្យជក់ចិត្ត ចូលចិត្ត នៅពេលបងប្អូនចាត់ទុកថា អាជីវកម្មនោះជាហ្គេមរបស់យើងហើយនោះ យើងអត់ហត់នឿយ អត់មានពេលមើលទូរទស្សន៍នោះទេ អត់មានពេលទៅដើរធ្វើអំពើអប្បាយមុខអីទៀតទេ ។
-ចំណុចទី ៩គឺមានការលះបង់ពេលវេលា ជាពិសេសគឺភាពជិតស្និទ្ធសូម្បីតែជាមួយអ្នកផ្ទះ ឬ ក៏ជាមួយញាត្តិមិត្ត និង មិត្តភក្តិ ។ ខ្ញុំតែម្តងគឺត្រូវបានមិត្តភក្តិគេបោះចោលច្រើន ដោយសារគេហៅទៅផឹកស៊ីគឺយើងមិនមានពេលគ្រប់គ្រាន់ គេហៅទៅបោះតង់ ក៏យើងមិនមានពេលគ្រប់គ្រាន់ គេហៅទៅចម្ការ ឬ ទៅដើរលេងឆ្ងាយ ២ ឬ៣ថ្ងៃគឺពិបាកក្នុងការដើរ ដោយសារមុខរបរដូចខ្ញុំវាមានការពិបាក ឱ្យមានពេលទំនេរសម្រាប់ទៅចាយវាយខុសខ្ទង់ គឺវាមានពេលតិចបំផុត ។ ចឹងខ្ញុំសុំអធ្យាស្រ័យដល់មិត្តភក្តិទាំងអស់ ។
-ចំណុចទី១០ គឺធ្វើឱ្យមានសន្តិភាពផ្លូវចិត្ត ធ្វើចិត្តឱ្យត្រជាក់ កុំធ្វើឱ្យវាក្តៅពេក បើវាក្តៅពេក វាហត់ណាស់ ហើយវាអាចនឿយខ្លាំង អ៊ីចឹងខ្ញុំចង់ឱ្យមានសន្តិភាពផ្លូវចិត្ត ត្រូវយកធម៌មកដាក់ក្នុងខ្លួន យកធម៌ត្រជាក់មកដាក់ខ្លួន នេះគឺជាគ្រឹះអាជីវកម្មរបស់យើង ៕