បច្ចុប្បន្នមុខរបរដំដែកធ្វើកាំបិតពូថៅភាគច្រើនស្ទើរតែបញ្ឈប់សកម្មភាពទៅហើយ ព្រោះតែមានការនាំចូលនូវប្រភេទ កាំបិតនិងឧបករណ៍ផ្សេងៗ ដែលផលិតចេញពីរោងចក្រនៅក្រៅប្រទេស វាយលុកទីផ្សារកម្ពុជាច្រើន ប៉ុន្តែសម្រាប់ជាងធ្វើកាំបិតម្នាក់ឈ្មោះ លី យូរសុះ រស់នៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននិយាយថាមិនមានការប៉ះពាល់ដល់មុខរបរ ដំកាំបិត របស់គាត់ឡើយ។
ដោយសារតែផលិតផលដែលគាត់ធ្វើបែបបុរាណ តែវាមានគុណភាពល្អ ទើបប្រជាពលរដ្ឋទាំងជិតឆ្ងាយបាននាំគ្នាទៅរកទិញដល់ទីកន្លែង ធ្វើឱ្យគ្រួសារជាងដែកនេះ មានកម្លាំងចិត្ត ស្វះស្វែងរកវិធីសាស្ត្រ ក្នុងការធ្វើកាំបិតឱ្យបានលឿនមានគុណភាពល្អហើយអាចរកប្រាក់ចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារបាន ដោយមិនចាំបាច់ចំណាកស្រុក។
យ៉ាងណាមិញ ជាងដំដែកធ្វើកាំបិត ឈ្មោះ លី យូរសុះ បានបន្ថែមថា លោកបានប្រកបរបរធ្វើកាំបិតពូថៅនេះ អស់រយៈពេល ៤០ ឆ្នាំមកហើយ ដោយចេះធ្វើបន្តពីឪពុកម្ដាយ។
ក្រៅពីលក់នៅកន្លែងរោងដែកផ្ទាល់ លោកក៏មានលក់បោះដុំទៅឱ្យម៉ូយនានាយកទៅលក់បន្តជាប្រចាំថ្ងៃ ដែលក្នុងនោះមាន ពូថៅ កាំបិត កាំបិតព្រាល កាំបិតបាំងតោ កាំបិតបន្ទោះ កាំបិតផ្គាក់ កាំបិតខ្វែវ កាំបិតត្នោត ចបជីក ចបប៉ែល កណ្ឌៀវ រនាស់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗច្រើនទៀតសរុប ៣០ ប្រភេទ ។
ការដែលគាត់មិនបានបោះបង់របរនេះចោល ដោយសារនៅតែមានការគាំទ្រច្រើនពីសំណាក់ប្រជាពល រដ្ឋមកទិញយកទៅប្រើប្រាស់ ដែលគ្រួសាររបស់លោកអាចរកប្រាក់ចំណូលបានច្រើន រហូតជាមធ្យម ៥០០ ដុល្លារក្នុងមួយខែ។ មិនតែប៉ុណ្ណោះ របរនេះអាចជួយឱ្យជីវភាពគ្រួសារគាត់មានភាពប្រសើរឡើងបានមួយកម្រិត។
គួរឱ្យដឹងថា ការធ្វើកាំបិតពូថៅរបស់លោកពេលនេះ មានលក្ខណៈខុសពីមុនខ្លះ ដោយបច្ចុប្បន្ន លែងប្រើឧបករណ៍ សប់ដុតដែកដូចមុនហើយ គឺប្រើម៉ូទ័រភ្លើង ហើយក៏លែងឈូសដែកដូចមុនដែរ គឺប្រើឧបករណ៍ឆាបដែកវិញម្ដង ដែលការធ្វើរបៀបនេះចំណេញពេលវេលា និងធ្វើបានច្រើនជាងមុន៕