នៅតាខ្មៅយើងហ្នឹង! គ្រាន់ទៅញ៉ាំកាហ្វេក៏មានប្លង់រូបថតស្អាតដែរ សំខាន់ជាប់មាត់ស្ទឹង អាចស្ទូចត្រីទៀត
ហាងកាហ្វេថ្មីមួយកន្លែងស្ថិតនៅជាប់មាត់ស្ទឹងព្រែកឬស្សី ក្នុងក្រុងតាខ្មៅកំពុងទទួលបានចំណាប់អារម្មណ៍ជាខ្លាំង ជាមួយទីតាំងនៅជាប់នឹងមាត់ស្ទឹង អាចស្ទូចត្រី ព្រមទាំងមានការរៀបចំបរិយាកាសយ៉ាងសម្បូរបែបសម្រាប់អ្នកចូលចិត្តថតរូប ។
ហាងកាហ្វេ Vespa Cafe&restaurant ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញ មានការរៀបចំបែបបុរាណ គួបផ្សំនឹងបែបសម័យទំនើប ដូចជាស្ថិតក្នុងផ្ទះឈើក្បឿង តុបតែងដោយគ្រឿងលម្អរ សង្ហារឹមធ្វើពីឈើ មានតាំងម៉ូតូ វេស្ប៉ានៅខាងក្នុងជាអត្តសញ្ញាណហាង ព្រមទាំងមានរុក្ខជាតិតូចៗនៅជុំវិញ បង្កើតបានជាបរិយាកាសថ្មីប្លែក មួយបែបគួរឱ្យគយគន់ ។
បន្ថែមពីនេះទៅទៀត ចំណុចដែលមានការទាក់ទាញបំផុតនោះគឺ នៅខាងក្រោយហាង មានទីតាំងជាប់នឹងមាត់ស្ទឹងព្រែកឬស្សីផ្ទាល់ ដែលអ្នកដែលទៅញ៉ាំកាហ្វេ ភេសជ្ជៈ ឬម្ហូបអាហារផ្សេងៗនៅក្នុងហាង អាចស្ទូចត្រីបណ្តើរ និយាយពិភាក្សាគ្នាបណ្តើរ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធពីទឹកស្ទឹងថែមទៀតផង ។ ក្រៅពីនោះ ហាងកាហ្វេតូចមួយនេះក៏មានប្លង់ថតរូបស្អាតៗជាច្រើនដូចជា មានបំពាក់ដោយអាងហែលទឹក និង សំណាញ់លើទឹកយ៉ាងទាក់ទាញ ។
អ្វីដែលកាន់តែពិសេសមួយទៀតនោះ គឺទោះបីជាមានការរៀបចំរចនាយ៉ាងសម្បូរបែប បែបនេះក្តី សម្រាប់តម្លៃភេសជ្ជៈ និង អាហារវិញ មានតម្លៃសមរម្យជាទីបំផុត ដែលអាចទទួលយកបាន ។ ក្នុងនោះកាហ្វេប្រចាំហាងមួយកែវមានតម្លៃតែ ៦ ០០០ រៀលប៉ុណ្ណោះ ដែលធ្វើឱ្យហាងកាហ្វេមួយនេះសាកសមសម្រាប់អ្នកដែលចូលចិត្តជួបជុំគ្នាជាលក្ខណៈមិត្តភក្តិ ឬ មិត្តរួមការងារ ៕
រូបភាព៖ Hea Ta