អ្នកទិញឡានតពីគេមិនកាត់ឈ្មោះ បើដឹងពីហានិភ័យទាំងនេះបុកពោះមិនខាន ឆាប់ទៅកាត់លឿនៗទៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន តែងអំពាវនាវឱ្យប្រជាពលរដ្ឋដែលទិញរថយន្តបន្តពីគេសូមទៅកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិដើម្បីបញ្ចៀសនូវហានិភ័យដែលអាចនឹងកើតឡើង ។
បន្ថែមលើពីនេះទៀតថ្លែងនៅក្នុងពិធី ពិធីបើកឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និង មណ្ឌលផ្តល់សេវាសាធារណៈថ្មី ទីតាំងនៅផ្សាទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានអំពាវនាវឱ្យពលរដ្ឋ ត្រូវរួសរាន់ផ្ទេរឈ្មោះរថយន្តខ្លួន ដើម្បីជៀសវាងជួបបញ្ហាណាមួយជាយថាហេតុ ។
តាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងថា ៖«បើយើងមិនបានប្តូរឈ្មោះពីរថយន្តហ្នឹងទៅ ហើយរថយន្តហ្នឹងបុកគេ មានបញ្ហាដឹកគ្រឿងញៀន ដល់ពេលគេចាប់ភ្លាមហ្នឹងគេនឹងរកម្ចាស់ដើម។ ហើយម្ចាស់ថ្មីអត់ដូរឈ្មោះនៅតែម្ចាស់ដដែល នឹងមានបញ្ហាហើយ។ អ៊ីចឹងត្រូវតែមកដូរ ទិញ និងលក់រថយន្តត្រូវប្តូរកម្មសិទ្ធិឲ្យទាន់ពេលវេលា។ ដូច្នេះប្រព័ន្ធយើងនេះនឹងកាត់បន្ថយពេលវេលាក្នុងការប្តូរកម្មសិទ្ធិរបស់យើងឲ្យបានទាន់ពេលវេលា»។
ក្រៅពីហានិភ័យខាងលើនៅមានបញ្ហាប្រឈមមួយចំនួនទៀតដូចជា៖
១. ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើប
អង្កេតរបស់សមត្ថកិច្ច
២. ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ
៣. ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ
៤. ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ
៥. ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ
៦. ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់ ៕