សំខាន់ណាស់! បាក់ឌុបជិតដល់ហើយ បើមិនព្រមធ្វើរឿង ៥ យ៉ាងនេះទេ ប្រយ័ត្នធ្លាក់!
ការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺអាចនិយាយបានថាជាដំណាក់កាលដ៏សំខាន់បំផុតក្នុងជីវិតអ្នកសិក្សាដើម្បីអាចបន្តទៅកាន់ថ្នាក់ឧត្ដមសិក្សា ។ មុនការប្រឡងមកដល់បេក្ខជនគ្រប់រូបត្រូវត្រៀមខ្លួនឱ្យបានជាមុនឱ្យបានល្អ ទើបអាចឆ្លងផុតនូវដំណាក់កាលដ៏តឹងតែងនេះ ។ ដូច្នេះក្នុងអំឡុងមុនការប្រឡងបាក់ឌុបជិតមកដល់នេះតើប្អូនៗទី ១២ ត្រូវត្រៀមអ្វីខ្លះនោះ?
១.ការរំលឹកមេរៀនឡើងវិញនៅត្រង់ចំណុចសំខាន់ៗ
គួរយកមេរៀនមករំលឹកឡើងវិញទាំងអស់តាំងដើមដើមឆ្នាំដល់ចុងឆ្នាំ ។ ដើម្បីឱ្យការរំលឹកមេរៀននេះមានប្រសិទ្ធភាពគួរតែធ្វើការសង្ខេបនូវចំណុចគោលនៃមេរៀននីមួយៗទើបងាយស្រួលចងចាំ ។
២.ព្យាយាមអនុវត្តលំហាត់ឡើងវិញឱ្យបានស្ទាត់ជំនាញ
លំហាត់នៅក្នុងមេរៀនគីមីវិទ្យា រូបវិទ្យា ជីវវិទ្យា ពិសេសគឺគណិតវិទ្យានោះ គួរចាប់ផ្ដើមយកមកអនុវត្តហ្វឹកហាត់ឱ្យស្ទាត់ជំនាញទៅប្រភេទលំហាត់ និងតាមមេរៀននីមួយៗ ។ ពិសេសគួរតែចងក្រងនូវរូបមន្តសំខាន់ៗទុកដើម្បីងាយចងចាំ នៅពេលប្រឡងប៉ះចំលំហាត់ណាមួយនោះយើងនឹងដឹងថាគួរយករូបមន្តមួយណាមកដោះស្រាយ ។
៣.យកវិញ្ញាសាឆ្នាំមុនៗមកសាកល្បងអនុវត្ត
នេះក៏ជាចំណុចសំខាន់មួយដែរដើម្បីអាចវាស់ស្ទង់កម្រិតសមត្ថភាពរបស់ខ្លួនឯង ។ គួរយកវិញ្ញាសាចាស់ៗមកអនុវត្តសាកមើល ប្រសិនបើយើងអាចដោះស្រាយបានមានន័យថា យើងមានសមត្ថភាពនឹងអាចប្រឡងថ្នាក់ជាតិមួយនេះបានយ៉ាងល្អ ប៉ុន្តែប្រសិនបើមិនអាចធ្វើបានត្រូវរកចំណុចខ្សោយរបស់ខ្លួនឯងឱ្យឃើញថាមកពីមូលហេតុអ្វី ហើយទៅរៀនសារឡើងវិញ ។
៤.ជួបជុំមិត្តភក្ដិធ្វើស្វ័យសិក្សា
ត្រង់នេះក៏មិនគួរមើលរំលងឡើយពេលខ្លះយើងរៀនតែម្នាក់ឯង មិនដឹងថាខ្លួនឯងចេះអ្វីស្ទើរអ្វីនោះទេ ប៉ុន្តែបើបានជុំមិត្តភក្ដិយើងអាចធ្វើការចែករំលែកគ្នាទៅវិញទៅមក ហើយអាចសួរត្រង់ណាដែលយើងមិនយល់ ។
៥.ការតាមដាននូវរាល់សេចក្ដីប្រកាសទាំងឡាយរបស់ក្រសួងអប់រំ
ក្រសួងអប់រំ យុវជន និងកីឡា គឺជាប្រភពព័ត៌មានដ៏សំខាន់បំផុតមិនត្រូវធ្វេសប្រហែស រាល់ការប្រកាសទាំងឡាយគឺតែងចេញពីប្រភពក្រសួងមុនគេបង្អស់ ពិសេសក្រសួងក៏តែងបង្ហោះនូវរាល់វិញ្ញាសាចាស់ៗ វីដេអូបង្រៀនល្អៗ និងរាល់សេចក្ដីណែនាំផ្សេងៗទៀតសុទ្ធតែមានសារៈសំខាន់ ៕