យោងតាមរដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីប្រវត្តិសាវតាខេត្តត្បូងឃ្មុំបានឱ្យដឹងថា តាមពិតទៅ ខេត្តត្បូងឃ្មុំ ពុំមែនជាឈ្មោះខេត្តថ្មីនោះទេ ឈ្មោះស្រុក ឬ ខេត្តត្បូងឃ្មុំ បានលេចឡើងដំបូងក្នុងសិលាចារឹកសម័យក្រោយអង្គរ (IMA.37) ចារនៅលើជញ្ជាំងនៃស្លាបខាងជើង រោងទងខាងកើត នៃប្រាសាទអង្គរវត្តរួចទៅហើយ ។
សិលាចារឹកនេះ ចារដោយបុរសម្នាក់ឈ្មោះជយនន្ទនៅឆ្នាំ ១៧០១ ។ ក្នុងសិលាចារឹកដដែលនេះ គឺចាររៀបរាប់ពីព្រឹត្តការណ៍ដែលព្រះរាជាបានដំឡើងបុណ្យស័ក្តិឱ្យគាត់មានងារជាស្តេចក្រាញ់ អរជូន ត្រួតត្រាដែនដីខេត្តត្បូងឃ្មុំ ។ រហូតដល់ដើមសតវត្សរ៍ទី ១៩ ឃើញមានឯកសារមួយចំនួនដូចជា ព្រះរាជពង្សាវតារស្នាដៃអក្សរសិល្ប៍រឿងទុំទាវ រឿងហ្លួងព្រះស្តេចកនដែលជារឿងព្រេងនិទានបែបប្រវត្តិសាស្ត្រ ព្រមទាំងឯកសារប្រវត្តិសាស្ត្រជាច្រើនទៀត ទាំងភាសាខ្មែរ និង បរទេស ហើយភាគច្រើនឯកសារជាភាសាបារាំងសុទ្ធតែ បានសរសេររៀបរាប់អំពីឈ្មោះស្រុក ឬ ខេត្តត្បូងឃ្មុំ ។
នៅពេលប្រទេសខ្មែរស្ថិតក្រោមរបបអាណាព្យាបាលរបស់បារាំងចន្លោះឆ្នាំ ១៨៦៣ ដល់១៩៥៣ ឃើញមានឯកសារដែលសរសេរពីការបង្កើតខេត្តស្រុក ខណ្ឌ ឃុំ និងភូមិ ។ ជាក់ស្តែងខេត្តកំពង់ចាមបង្កើតនៅថ្ងៃទី ១ ខែមករា ឆ្នាំ១៨៨៥ ហើយមន្ត្រីបារាំង ម្នាក់ឈ្មោះ ហ្វ្រង់ស័រ បូឌាន់ (Francois Baudoin) ជាអ្នកត្រួតត្រាពី លើចៅហ្វាយខេត្តខ្មែរ ។ ខេត្តកំពង់ចាមកាលណោះ មានស្រុកចំនួនដប់ជាចំណុះ គឺស្រុកកំពង់សៀម ក្រូចឆ្មារ ព្រៃឈរ ជើងព្រៃ កងមាស កោះសូទិន ស្រីសន្ធរ មេមត់ ស្ទឹងត្រង់ និងស្រុកត្បូងឃ្មុំ។
កំណែទម្រង់លើវិស័យរដ្ឋបាលនៅក្នុងរបបអាណាព្យាបាលបារាំង បានធ្វើឡើងជាបន្តបន្ទាប់ពិសេសក្នុងរាជ្យព្រះបាទអង្គឌួង និងព្រះបាទនរោត្តម ។ នៅក្នុងឆ្នាំ ១៨៩៧ ត្បូងឃ្មុំត្រូវគេដំឡើងពីស្រុកឱ្យទៅជាខេត្ត ដែលកាលណោះ មានខេត្តចំនួន ៥៧ ប៉ុន្តែពុំមានខេត្តកំពង់ចាមទេ ។ លុះដល់ឆ្នាំ ១៩១៧ មានការរុះរើចំនួនខេត្តម្តងទៀត ដោយបន្ថយពី ៥៧ ខេត្តមកនៅត្រឹម ៥១ ខេត្តវិញ ហើយត្បូងឃ្មុំនៅជាខេត្តដដែល។ រហូតដល់ទសវត្ស ១៩២០ ក៏មានកំណែទម្រង់រចនា សម្ព័ន្ធវិស័យរដ្ឋបាលជាថ្មីទៀត ហើយនៅពេលនោះរក្សាទុកខេត្តតែ ១៣ ប៉ុណ្ណោះ ដោយត្បូងឃ្មុំធ្លាប់ជាខេត្តកាលពីមុនមកនោះ ត្រូវប្រែក្លាយឱ្យទៅជាស្រុកមួយរបស់ ខេត្តកំពង់ចាមវិញ ។ ចាប់ពីពេលនោះមក យើងពុំឃើញមានការផ្លាស់ប្តូរទៀតឡើយ រហូតមកទល់នឹងឆ្នាំ ២០១៤ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រែក្លាយទឹកដីត្បូងឃ្មុំ ឱ្យទៅជាខេត្តវិញ ដូចពីអតីតកាលជាង ១០០ ឆ្នាំមុន ៕
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ