អ៊ុំ រតនៈវិសាល និស្សិតឆ្នើមឈ្នះការប្រកួត Architectural Rookie’s Award ត្រៀមខ្លួនទៅប្រកួតនៅចិន
បន្ទាប់ពីបានយកស្នាដៃរបស់ខ្លួនទៅចូលរួមប្រកួតនាពេលកន្លងទៅ អ៊ុំ រតនៈវិសាល និស្សិតឆ្នាំទី ៣ នៃមហាវិទ្យាល័យស្ថាបត្យកម្ម និង នគរោបនីយវិទ្យា បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ ១ ក្នុងការប្រកួតកម្មវិធី Architectural Rookie’s Award និង ត្រៀមចេញទៅប្រកួតនៅឯប្រទេសចិននាពេលខាងមុខឆាប់ៗនេះ ។
ចំពោះស្នាដៃដែល អ៊ុំ រតនៈវិសាល និស្សិតឆ្នាំទី ៣ នៃមហាវិទ្យាល័យស្ថាបត្យកម្ម និង នគរោបនីយវិទ្យា បានយកទៅប្រកួតនោះគឺក្នុងប្រធានបទស្តីពីការផ្សារភ្ជាប់ឡើងវិញនូវវប្បធម៌ទំនៀមទម្លាប់ ដោយបានបង្ហាញពីអគារនៅចន្លោះវត្ត និង សាលារៀន បើទោះជាមានការអភិវឌ្ឍន៍សង្គមខ្លាំងយ៉ាងណាក៏ដោយ ។
ក្នុងការប្រកួតប្រជែងនោះគឺមាននិស្សិតចំនួន ១២ នាក់មកពីសាកលវិទ្យាល័យចំនួន ៣ បានចូលរួម ហើយជាលទ្ធផលនិស្សិត អ៊ុំ រតនៈវិសាល នៃមហាវិទ្យាល័យស្ថាបត្យកម្ម និង នគរោបនីយវិទ្យាជំនាន់ទី ២៩ បានឈ្នះក្នុងការប្រកួតកម្មវិធី Architectural Rookie’s Award នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កាលពីថ្ងៃទី ២៥ ខែកញ្ញាកន្លងទៅនេះ ។
បើតាមនិស្សិត អ៊ុំ រតនៈវិសាល បានបង្ហើបឱ្យដឹងថា «នេះជាលើកទី ១ ហើយដែលរូបគេបានចូលរួមប្រកួតប្រជែង ហើយក៏ទទួលបានលទ្ធផលជ័យលាភីលេខ ១ ដោយសារតែស្នាដៃគេត្រូវនឹងប្រធានបទ» ។ នៅពេលទៅចូលរួមប្រកួតប្រជែងនៅប្រទេសចិននាពេលខាងមុខដែលមាន ១២ ប្រទេសចូលរួម និស្សិត អ៊ុំ រតនៈវិសាល បានបង្ហើបឱ្យដឹងថា រូបគេប្តេជ្ញាប្រឹងប្រែងដើម្បីឱ្យទទួលបានលទ្ធផលល្អសម្រាប់ខ្លួនឯង និង ប្រទេសជាតិផងដែរ ។
បញ្ជាក់ពីមូលហេតុដែលគេចូលរៀនផ្នែកស្ថាបត្យកម្មនេះ គឺដោយសារតែមាននិស្ស័យចូលចិត្តតាំងពីក្មេង និង ចង់ឱ្យមហាជននាំគ្នាចាប់អារម្មណ៍ ព្រមទាំងឱ្យតម្លៃខ្ពស់លើការប្រើប្រាស់ស្ថាបត្យកម្មបែបខ្មែរ និង គាំទ្រស្ថាបត្យករខ្មែរ ៕