Houtouwan ភូមិ ដែលត្រូវបានគេបោះបង់ចោល មានទីតាំងស្ថិតនៅលើកោះ Shengshan ប្រទេសចិន បច្ចុប្បន្នបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញមួយ ។
ភូមិ Houtouwan ដំបូងឡើយ គឺជាភូមិនេសាទដ៏សំបូរសប្បាយមួយ ដោយក្នុងអំឡុងឆ្នាំ ១៩៨០ ភូមិមួយនេះមានប្រជាជនរស់នៅប្រមាណ ៣ ពាន់នាក់ ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែវានៅឆ្ងាយដាច់ស្រយាលពីគេ រួមទាំងទីតាំងមានការលំបាកពេក ធ្វើឲ្យប្រជាជនក្នុងភូមិមួយនេះ ចាប់ផ្ដើមផ្លាស់ទីចេញម្នាក់ម្ដងៗ រហូតដល់ឆ្នាំ ២០០២ ភូមិ Houtouwan បានក្លាយជាភូមិដែលគ្មានមនុស្សរស់នៅទាល់តែសោះ ។
រាប់ទសវត្សបន្ទាប់ៗ ក្រោយការបោះបង់ចោល ភូមិនេសាទ ដែលមានផ្ទះសម្បែងដែលធ្វើបែរមុខទៅផ្ទៃសមុទ្រនេះ ត្រូវបានធម្មជាតិគ្របដណ្ដប់ ប្រែទៅជាពណ៌បែតងស្រស់ស្អាតខ្លាំងដូចជាទិដ្ឋភាពក្នុងរឿងព្រេងនិទាន ។
ភូមិ Houtouwan ទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញក្នុងប្រទេសចិនអំឡុងឆ្នាំ ២០១៥ ក្រោយកម្រងរូបភាពបង្ហាញពីទិដ្ឋភាពនៅទីនោះ ត្រូវបានចែកចាយ ។ ក្រោយមកទៀត តំបន់បោះបង់ចោលមួយនេះ ក៏ទទួលបានភាពល្បីល្បាញស្ទើពាសពេញពិភពលោក ដោយសារតែកម្រងរូបភាពនៃទិដ្ឋភាពដ៏អស្ចារ្យរបស់កន្លែងទេសចរណ៍មួយនេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ៕
ប្រភព៖ CNN