គន្លឹះទន្ទេញមេរៀន និង ធ្វើលំហាត់ឱ្យឆាប់យល់ ចងចាំបានច្រើន ប្រឡងបាក់ឌុបមិនភ័យ
ការសិក្សារៀនសូត្ររបស់សិស្សម្នាក់ៗមានពេលវេលាដូចគ្នា ទៅសាលាដូចគ្នា ស្ដាប់គ្រូដូចគ្នា តែលទ្ធផលមិនដូចគ្នានោះទេ ព្រោះកម្រិតនៃការចាប់បានរបស់សិស្សម្នាក់ៗមិនដូចគ្នាទេ ។ ដូច្នេះសួរថា តើហេតុអ្វីបានជាគេរៀនពូកែបាន ? ការសិក្សារៀនសូត្រចាំបាច់ណាស់ត្រូវមានវិធីសាស្ត្ររៀងៗខ្លួន ត្រូវស្វែងយល់ពីខ្លួនឯង និងខិតខំទៅតាមលទ្ធភាពដែលខ្លួនឯងអាចធ្វើទៅបាន ។ ខាងក្រោមនេះជាការចែករំលែកបទពិសោធន៍ពីលោក ជី ដានិត អតីតសិស្សនិទ្ទេស A ដ៏ឆ្នើមមួយរូប ។
១.មើលមេរៀន និងអនុវត្តលំហាត់នៅពេលណាដែលអ្នកគិតថាខួរក្បាលស្រឡះចងចាំបានល្អ
យើងមិនអាចយកវិធីសាស្ត្រនៃការទន្ទេញមេរៀន ឬ ការអនុវត្តលំហាត់របស់អ្នកដទៃមកអនុវត្តតាមបាននោះទេព្រោះទម្លាប់មនុស្សម្នាក់ៗមិនដូចគ្នាឡើយ ។ ដូច្នេះសូមសួរខ្លួនឯងវិញថា ពេលណាដែលអ្នកគិតថា ជាពេលល្អបំផុតសម្រាប់ខ្លួនឯង ក្នុងការមើលមេរៀន ឬធ្វើលំហាត់ ។ អ្នកខ្លះតែងភ្ញាក់ពីព្រលឹម អ្នកខ្លះមើលពេលយប់មុនពេលគេង ឬពេលថ្ងៃត្រង់ជាដើម ។
២.រកឱ្យឃើញនូវគន្លឹះសំខាន់ និងខ្លឹមសារនៃមេរៀននីមួយៗ
មេរៀននីមួយៗ គឺតែងបង្កប់នូវគំនិតគោលដែលចង់ឱ្យសិស្សទទួលបាន ។ ដូច្នេះហើយដើម្បីយល់ច្បាស់ពីមេរៀនមួយ និងចងចាំបានល្អ ត្រូវយល់ឱ្យច្បាស់ពីខ្លឹមសារដែលគេចង់បញ្ជៀបនោះ ។ មិនមែនចេះតែទន្ទេញៗទាំងមិនដឹងថាមេរៀនមួយនោះគេចង់និយាយពីអ្វីនោះទេ ។
៣.ចំពោះមេរៀនសូមមើលពីមួយឃ្លាទៅមួយឃ្លាឱ្យយល់ពីអត្ថន័យ
ពីមួយឃ្លា ទៅមួយឃ្លាសុទ្ធតែបង្កប់នូវអត្ថន័យ ទើបយើងអាចក្ដោបបាននូវឃ្លឹមសារសំខាន់នៃប្រយោគមួយ ឬ កថាខណ្ឌមួយ ។ ដូច្នេះត្រូវស្វែងយល់ពាក្យគន្លឹះនៃឃ្លានីមួយៗជាមុនសិន សឹមទៅសរុបអត្ថន័យជារួមនៃកថាខណ្ឌមួយ ឬមេរៀនមួយ ។ ធ្វើបែបនេះទើបធ្វើឱ្យអ្នកយល់បានច្បាស់ និងចងចាំជារៀងរហូត ។
៤.ចំពោះលំហាត់សូមយល់ឱ្យច្បាស់នៅរូបមន្ត និងនីតិវិធីដោះស្រាយពីមួយទៅមួយ
មិនខុសពីមេរផនឡើយ លំហាត់តែងបង្កប់នូវចំណុចសំខាន់មួយដែលគេចង់ឱ្យយើងដោះស្រាយ ។ រូបមន្តនីមួយៗទៀតសោត ត្រូវបំបែក និងដោះបន្តបន្ទាប់រហូតដល់លទ្ធផលចុងក្រោយ ។ ដូច្នេះសូមយល់ឱ្យច្បាស់ពីនីតិវិធីនៃការបំបែករូបមន្ត និងនីតិវិធីពីមួយជំហានទៅមួយជំហានទៀត ។
៥.កុំបង្ខំអារម្មណ៍ និងខួរក្បាលគ្រប់ពេលពេក
ពាក្យថាខិតខំរៀនមិនមែនចេះតែប្រឹងៗ បង្ខំចិត្ត បង្ខំខ្លួនឯងនោះទេ ។ ត្រូវចេះទុកពេលឱ្យខ្លួនឯងបានសម្រាក និងបន្ធូរអារម្មណ៍ខ្លះ កាលណាតែខួរក្បាលមិនស្រលះល្អ ការរៀនសូត្ររបស់អ្នកក៏ពុំសូវបានលទ្ធផលល្អនោះដែរ ។ ដូច្នេះប្រសិនបើអ្នកល្វើយខ្លាំងត្រូវការសម្រាក សូមផ្អាកសិន ចាំដល់ពេលដែលលែងអីចាំរៀនបន្តទៀត ៕