ក្រសួងប្រកាសបើកសាលារដ្ឋឡើងវិញទូទាំងប្រទេស ដំណាក់កាលទី៣ នៅថ្ងៃទី ២ វិច្ឆិកា នេះ
នៅថ្ងៃទី ២៧ តុលា ២០២០ នេះក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវបន្ត និងបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទិ ៣ ចាប់ពីថ្ងៃទី ២ ខែវិច្ឆិកា រហូតដល់បំណាច់ខែធ្នូ ឆ្នាំ ២០២០ ។ ការអនុវត្តឆមាសទី ២ នៃឆ្នាំសិក្សា ២០១៩-២០២០ គិតចាប់ពីថ្ងៃទី ៧ ខែកញ្ញា ដល់បំណាច់ខែធ្នូ ឆ្នាំ ២០២០ ។
សូមបញ្ជាក់ថា មុនបើកដំណ់រការដំណាក់កាលទី ៣ នេះក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈដំណាក់កាលទី ២ ក្រសួងបានសង្កេតឃើញថា គ្រឹះស្ថានសិក្សាបាននិងកំពុងអនុវត្តយ៉ាងល្អប្រសើរ តាមការណែនាំ និងធានាបាននូវការសិក្សារបស់សិស្សប្រកបដោយសុខសុវត្ថិភាព ជាពិសេសអនុវត្តបានយ៉ាងខ្ជាប់ខ្ជូនតាមគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) ។ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញដំណាក់កាលទី ៣ នេះតែម្ដង ៕