ត្រៀមខ្លួនប្អូនៗ! វិញ្ញាសារបាក់ឌុបឆ្នាំនេះរក្សាការរឹតបន្តឹងដដែល មិនបន្ធូបន្ថយព្រោះកូវីដ ១៩ ឡើយ
នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ ក្រសួងអប់រំ យុវជន និង កីឡា ដោយមានវត្តមានពីសំណាក់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជារដ្ឋមន្រ្តី បានបើកសន្និសីទសារព័ត៌មានមួយស្តីពី «វិធានការក្នុងការបើកដំណើរការគ្រឹស្ថានសិក្សាឡើងវិញ» ស្ថិតក្នុងដំណាក់កាលទី ៣ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២ ខែវិច្ឆិកា ខាងមុខនេះ ។
នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តម បានលើកឡើងផងដែរថា វិញ្ញាសារបាក់ឌុបឆ្នាំ ២០២០ នៅសម័យប្រឡង ថ្ងៃទី ២១ និង ២២ ខែធ្នូ ឆ្នាំ ២០២០ នោះនឹងរក្សាកម្រិតស្តង់ដារដដែល ដោយមិនមានបន្ធូរបន្ថយតាមបែបស្តង់ដារកូវីដ ១៩ អ្វីឡើយ ។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថាទោះបីជាសាលាត្រូវបានបិទបណ្តោះអាសន្នក្តី ប៉ុន្តែក្រោយមក ថ្នាក់ទី ៩ និង ទី ១២ ក៏បានចូលរៀនពេញលេញហើយផងដែរ ដែលគិតត្រឹមពេលនេះ ប្អូនៗនៅមានពេលវេលា ២ ខែទៀត សម្រាប់ត្រៀមខ្លួនពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម ដែលអាចជាពេលវេលាមួយគ្រប់គ្រាន់សមល្មម ។ ក្រៅពីនោះ ក្រសួងក៏មានចេញនូវសៀវភៅមេរៀនសង្ខេប ដែលអាចជួយឱ្យសិស្សកាន់តែងាយស្រួលក្នុងការធ្វើស្វ័យសិក្សារៀនសូត្រដោយខ្លួនឯង ផងដែរ ។
ជាចុងក្រោយ ឯកឧត្តម សូមលើកទឹកចិត្តដល់ប្អូនៗទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងកុំបាក់ទឹកចិត្ត ព្រមទាំងជម្រុញឱ្យមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និង ឪពុកម្តាយ ដើម្បីឱ្យសិស្សទាំងអស់កាន់តែមានការត្រៀមខ្លួនបានល្អបន្ថែមទៀត ៕