ការចិញ្ចឹមកង្កែបប្រើពេលតែ ១ ខែកន្លះប៉ុណ្ណោះនឹងអាចចាប់លក់បានហើយ ដោយក្នុង ១ គីឡូក្រាមលក់បានតម្លៃ ១៣ ០០០ រៀល ហើយមិនលំបាកក្នុងការចិញ្ចឹមឡើយ ដូចជារូបគាត់ផ្ទាល់កាលចិញ្ចឹមកង្កែបជាដំបូងចំណាយដើមទុនត្រឹមតែ ៦០០ ០០០ រៀលប៉ុណ្ណោះ ។
កសិករ យឿន យឿម អាយុ ២៦ ឆ្នាំបានបង្ហើបឱ្យដឹងពីការចាប់ប្រកបរបរចិញ្ចឹមកង្កែបនេះថា ទើបតែនៅចុងឆ្នាំ ២០១៩ ដែលរូបគាត់ និង ភរិយាបានទៅលេងស្រុកកំណើតនៅឯស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃើញអ្នកស្រុកភូមិនៅទីនោះចិញ្ចឹមកង្កែប ទើបមានគំនិតចង់ចិញ្ចឹមកង្កែបដែរ ព្រោះយល់ថាមិនពិបាកចិញ្ចឹម ហើយអាចឆ្លៀតធ្វើស្រែបានធម្មតាទៀត ។
កសិករ យឿន យឿម និង ភរិយា តក់ ស្រីមុំ បានតស៊ូធ្វើដំណើរដោយម៉ូតូចំងាយ ១៧០ គីឡូម៉ែត្រ ទៅទិញពូជកង្កែបនៅខេត្តសៀមរាបយកមកចិញ្ចឹម ។ ដោយសារការប្តេជ្ញាចិត្តខ្ពស់ និងទទួលបានការជួយជាបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បច្ចុប្បន្នគ្រួសារមួយនេះបានក្លាយជាអ្នកផលិតពូជកង្កែបផ្គត់ផ្គង់ជូនប្រជាកសិករនៅទូទាំងស្រុកត្បែងមានជ័យ ។
គិតមកដល់ពេលនេះកសិករ យឿន យឿម មានអាងចិញ្ចឹមកង្កែបចំនួន ១៣ អាង និង ទើបតែបង្កើតអាងចិញ្ចឹមត្រីអណ្តែងបានចំនួន ២ អាង ហើយទៅថ្ងៃមុខដើម្បីបង្កើនចំណូលគ្រួសារគាត់មិនបញ្ឈប់សកម្មភាពត្រឹមនេះទេ ពោលគឺមានគម្រោងពង្រីកការចិញ្ចឹមឱ្យកាន់តែច្រើនដោយពង្រីកអាងឱ្យឡើងដល់ចំនួនជាង ២០ អាង ព្រោះដីភូមិគាត់ធំល្មមទំហំ ១៨ ម៉ែត្រគុណ និង ៥០ ម៉ែត្រ មានលទ្ធភាពធ្វើការពង្រីកបាន ពិសេសក៏មានពូជកង្កែបដែលត្រៀមជាស្រេចចំនួន ២៥០ គូរួចហើយដែរ ។
ជីវភាពរបស់ក្រុមគ្រួសារកសិករ យឿន យឿម គ្រាន់បើជាងមុនដែលរំពឹងលើការធ្វើស្រែលើផ្ទៃដី ៤ ហិកតាកន្លះតែមួយមុខ ពេលនេះចំណូលបានកើនតាមរយៈការលក់កង្កែបនិងត្រីដែលគាត់ចិញ្ចឹម ៕