ទាមានច្រើនប្រភេទសម្រាប់ឱ្យអ្នកដែលចង់ប្រកបរបរចិញ្ចឹមទាធ្វើការសម្រេចចិត្តជ្រើសរើសពូជវាដើម្បីយកមកចិញ្ចឹម តែចំពោះកសិករ នាក់ សិត អាយុ ២៨ ឆ្នាំ បានសម្រេចចិត្តជ្រើសយកការចិញ្ចឹមទាសំពៅ ដើម្បីយកពងមកភ្ញាស់ជាកូនទាសម្រាប់លក់ ។
មានទីលំនៅម្តុំផ្សារត្រាំកក់ ខេត្តតាកែវ កសិករ នាក់ សិត ដែលពេលនេះបានចិញ្ចឹមទាសំពៅប្រមាណជា ១០០០ ក្បាល ដើម្បីយកពងមកភ្ញាស់ជាកូនលក់បានបង្ហើបពីមូលហេតុនាំឱ្យខ្លួនគាត់សម្រេចចិត្តបែបនេះ ក៏ព្រោះតែយល់ថាងាយចិញ្ចឹម និង ចិញ្ចឹមបានយូរ ព្រមទាំងផ្តល់ផលជាពងក៏ច្រើនដែរ មិនដូចការចិញ្ចឹមទាយកសាច់ចិញ្ចឹមតែជាង ២ ខែលក់ចេញឱ្យឈ្មួញបាត់ តែបើចិញ្ចឹមទាសំពៅដើម្បីយកពងមកភ្ញាស់ជាកូនទាសម្រាប់លក់គឺមានរយៈពេលយូរដល់ទៅ ២ ឬ ៣ ឆ្នាំ ទើបមេទាចាស់អស់ពង ។
បើគិតមកទល់ពេលនេះការចិញ្ចឹមទាសំពៅដើម្បីយកពងមកភ្ញាស់ជាកូនទាសម្រាប់លក់របស់កសិករ នាក់ សិត គឺមានរយៈពេល ១ ឆ្នាំហើយ ដោយចាប់ផ្តើមតាំងពីការចិញ្ចឹមកូនទារហូតបានជាមេទា ។ ការចិញ្ចឹមទាយកពងត្រឹមរយៈពេល ៥ ខែទាចាប់ផ្តើមពងហើយ ហើយពងទាត្រូវយកទៅភ្ញាស់ក្នុងទូភ្ញាស់ រយៈពេល ២៥ ថ្ងៃនោះវានឹងញាស់ចេញជាកូនទាដែលអាចលក់បាន ៤៥០០ រៀលក្នុងមួយក្បាល ។
សព្វថ្ងៃគាត់មានទូភ្ញាស់កូនទាចំនួន ៣ ទូ ដោយក្នុងទូនីមួយៗអាចដាក់ពងភ្ញាស់បានជាង ២០០ ពង ក្នុងមួយលើកៗ ។ កូនទាសំពៅដែលកសិករ នាក់ សិត ភ្ញាស់បាន តែងលក់អស់ៗមិនដែលសល់ទេ ពិសេសអ្នករស់នៅក្នុងស្រុកភូមិមករកទិញដល់ទីកន្លែង ព្រោះគេដឹងថាគាត់មានពូជទាសំពៅល្អៗធំៗងាយស្រួលចិញ្ចឹមព្រមទាំងឈ្នះជំងឺ ។ ទាសំពៅធំៗអាចមានទំងន់ពី ២ គីឡូក្រាមទៅជាង ៣ គីឡូក្រាម ហើយក្នុងទាប្រមាណ ១០០០ ក្បាល គាត់ដាក់ទាឈ្មោលតែជាង ១០០ ក្បាលប៉ុណ្ណោះដើម្បីបង្កាត់ពូជ ។
កសិករ នាក់ សិត បានរំលឹករៀបរាប់ថា «មុនឈានចាប់ប្រកបរបរចិញ្ចឹមទាសំពៅដើម្បីយកពងមកភ្ញាស់ជាកូនទាលក់នេះ គឺគាត់ជាកសិករ និង ប្រពន្ធជាអ្នកលក់ចាប់ហួយ តែដោយសង្កេតឃើញមានអ្នកចង់បានពូជទាសំពៅយកមកចិញ្ចឹមច្រើន ទើបមានគំនិតចង់ចិញ្ចឹមទាសំពៅដើម្បីយកពងភ្ញាស់កូនវាលក់ ហើយក៏បានចំណាយដើមទុនប្រមាណជា ២០០០ ដុល្លារ ទៅទិញពូជទា ធ្វើទ្រុង ទិញទូភ្ញាស់ពងទា និង ចំណីវាខ្លះ» ។ ដូច្នេះអ្នកដែលមានដើមទុនត្រឹមជាង ១០០០ ទៅ ២០០០ ដុល្លារអាចចាប់របរនេះបាន ៕