នេះជាទិដ្ឋភាពប្អូនៗប្រឡងឌីប្លូមព្រឹកមិញ ជាមួយវិធានការសុវត្ថិភាពបំផុត
ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នៅតែបន្ត និង ពេលនេះកំពុងដំណើរការទៅដោយរលូន ក្រោមវិធានការសុវត្ថិភាពបំផុត ។
ការប្រឡងឌីប្លូមក្នុងសម័យប្រឡង ៣០ វិច្ឆិកា ២០២០ នេះ គឺបានប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ចំនួន ២៥ ខេត្ត-រាជធានី ដោយក្នុងនោះមានទាំងសាលារដ្ឋ និង ឯកជនមួយចំនួនដែលក្រសួងបានកំណត់ ។ សម្រាប់បេក្ខជនប្រឡងឆ្នាំនេះ បើតាមទិន្នន័យក្រសួងគឺមានសរុបចំនួន ១៥៨ ៧១៧ នាក់ (នារី ៨៥ ១៣១ នាក់) និង មានមណ្ឌលប្រឡងចំនួន ១៧២៩ ស្នើនឹង ៧១៤១ បន្ទប់ប្រឡង ។
គួរបញ្ជាក់ដែរថា ជុំវិញការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំនេះ គេសង្កេតឃើញមានការរៀបចំយ៉ាងយកចិត្តទុកដាក់បំផុតពីក្រសួងអប់រំ យុវជន និង កីឡា ទៅលើបេក្ខជនប្រឡងទាំងអស់ ដោយបានដាក់ចេញវិធានការដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និង គ្រប់ភាគីពាក់ព័ន្ធគ្រប់ខេត្តក្រុង ឱ្យមានការអនុវត្តវិធានការសុវត្ថិភាពសុខភាពជាចម្បង និង ខ្ជាប់ខ្ជាន់បំផុត ៕
រូបភាព ៖ Fresh News