កុំភ័យ! បើជិតប្រឡងបាត់កាត ឬ សាលាកបត្របាក់ឌុប បេក្ខជនត្រូវស្រូតធ្វើរឿងទាំងនេះឱ្យបានលឿន
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២០ នេះ នឹងលើកពេលដោយត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះវិញ ព្រោះស្ថានភាពកូវីដបានរាំងស្ទះ ប៉ន្តែយ៉ាងណា តើបេក្ខជនបានត្រៀមខ្លួនសម្រាប់ប្រយុទ្ធនឹងវិញ្ញាសាប្រឡងហើយឬនៅ ?
ទន្ទឹមនឹងការរៀបចំខាងផ្នែកស្មារតី ចំណេះវិជ្ជាហើយ បេក្ខជនចាំបាច់ត្រូវរៀបចំនូវវសម្ភារមួយចំនួនទៀតដែលចាំបាច់បំផុតសម្រាប់ការប្រឡង ដែលមានដូចជា បណ្ណសម្គាល់ខ្លួន និង សាលាកបត្រឯកត្តជន ជាដើម ។ យ៉ាងណាមិញ ទោះប្រយ័ត្នយ៉ាងណា យើងឃើញថាបញ្ហាបាត់បណ្ណសម្គាល់ខ្លួន និង សាលាកបត្រឯកត្តជន នៅតែកើតមានឡើងជារឿយៗស្ទើរគ្រប់ជំនាន់ ។ ដូច្នេះ ប្រសិនបើបេក្ខជនបានបាត់បណ្ណសម្គាល់ខ្លួន សាលាកបត្រ ឬ ស្ទីកឃឺកម្ដៅ ក្រសួងបានផ្ដល់នូវដំណោះស្រាយ ៣ យ៉ាងដូចតទៅ ៖
១. មុនកាលបរិច្ឆេទប្រឡង បេក្ខជនចំណេះទូទៅ និង បំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា ។ រីឯបេក្ខជនស្វ័យរិន ត្រូវទាក់ទងជាមួយមន្ទីរអប់រំ យុវជន និង កីឡា ឱ្យបានឆាប់បំផុត ដើម្បីស្នើសុំបណ្ណសម្គាល់ខ្លួន សាលាកបត្រឯកត្តជនថ្មី ឬ លិខិតបញ្ជាក់ ។
២. ក្នុងពេលដំណើរការសំណេរ បេក្ខជនត្រូវទាក់ទងប្រធានមណ្ឌលដើម្បីស្នើសុំលិខិតអនុញ្ញាតឱ្យចូលប្រឡង
៣. ករណីបាត់ស្ទីកឃឺ (កម្ដៅធម្មតា) បេក្ខជនត្រូវទំនាក់ទំនងភ្នាក់ងារសុខាភិបាលប្រចាំមណ្ឌលប្រឡង ៕
ប្រភព ៖ ក្រសួងអប់រំយុវជន និងកីឡា