ស្រ្តីម្នាក់ឈ្មោះ បុល សុវណ្ណ អាយុ ៣២ ឆ្នាំរស់នៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង ដែលពេលនេះដាំឫស្សីទំពាំងផ្អែមបាន ១០០០ ដើម អាចរកចំណូលបានពីការលក់ទំពាំងក្នុង ១ ខែ ពី ៣ ទៅ ៤ លានរៀល និង លក់ពូជកូនឫស្សីផ្អែមមួយរដូវៗបានរាប់ម៉ឺនដុល្លារ ។ ដូច្នេះអ្នកមានដីកុំទុកឱ្យទំនេរគួរដាំឫស្សីទំពាំងផ្អែម ដើម្បីបានចំណូលបង្កើនសេដ្ឋកិច្ចគ្រួសារ ។
លោកស្រី បុល សុវណ្ណ បានបង្ហើបឱ្យដឹងថា ឆ្នាំក្រោយនេះនឹងបង្កើនការដាំឫស្សីទំពាំងផ្អែមឱ្យបាន ២០០០ ដើម ព្រោះងាយដាំដុះ និង ថែទាំ អាចមានពេលវេលាទៅប្រកបរបរផ្សេងទៀតបាន ក្រោយពីដាំដុះហើយ និង មានរៀបចំប្រព័ន្ធទឹករួចរាល់ ។ ដូចជារូបគាត់ផ្ទាល់ក្រៅពីដាំឫស្សីទំពាំងផ្អែមបានទំពាំងលក់ បានពូជកូន ឫស្សីផ្អែមលក់ គឺថែមទាំងបានបង្កើតមុខរបរទទួលកូនឈើគ្រប់ប្រភេទពីប្រទេសថៃយកមកលក់ទៀតផង ។
ឫស្សីផ្អែមនេះ ជាដំណាំងាយដាំដុះឆាប់ឱ្យផល មានអាយុវែង បានផលទាំងដើម ទំពាំង និង កូនទៀតផង បើដាំបានផលឫស្សីនេះ នឹងជួយបង្កើនកម្រិតជីវភាពរបស់យើងបានល្អប្រសើរ ។
ខុសពីឫស្សីផ្សេងៗ ដែលទំពាំងមានដុះតែក្នុងរដូវវស្សាប៉ុណ្ណោះ តែចំពោះឫស្សីទំពាំងផ្អែមមានទំពាំងដុះមករហូតគ្រប់រដូវ មិនថាវស្សា ឬ ប្រាំង ព្រោះមានប្រព័ន្ធទឹកសម្រាប់ស្រោចស្រព ហេតុនេះវាអាចបំពេញតម្រូវការទីផ្សារ និង អាចផ្ដល់ចំណូលដល់អ្នកដាំបានច្រើនគួរសមផងដែរ ដោយអាចទទួលបានចំណូលប្រមាណជា ៧០០ ដុល្លារដែរក្នុងមួយខែ ។ ដំណាំឫស្សីទំពាំងផ្អែម គឺជាដំណាំមួយប្រភេទដែលមានភាពងាយស្រួលក្នុងការដាំដុះ អាចដាំបានស្ទើរគ្រប់ទីកន្លែង មិនរើសសណ្ឋានដី និង ងាយស្រួលក្នុងការថែទាំ ។
ឫស្សីទំពាំងផ្អែមមិនហាងដូចពូជផ្សេងៗ មានទំហំល្មម នៅរដូវភ្លៀងធ្លាក់ថ្លៃដល់ ៣០០០ រៀលក្នុងមួយគីឡូក្រាម ហើយបើនៅរដូវប្រាំងវិញតម្លៃឡើងដល់ ៥០០០ រៀលក្នុងមួយគីឡូក្រាម ។ ទំពាំងមិនអាចលូតចេញមកទេបើគ្មានទឹក ដូច្នេះកសិករចង់បានតម្លៃថ្លៃ ត្រូវស្រោចទឹកជាប្រចាំនៅដូវប្រាំង ។
ដាំឫស្សីទំពាំងផ្អែមរយៈពេល ៦ ខែអាចប្រមូលផលបានហើយ ។ ខែដែលល្អបំផុតក្នុងការដាំដុះគឺចាប់ពីខែតុលាដល់មីនា ដែលតម្រូវឱ្យមានទឹកស្រោចស្រពបានគ្រប់គ្រាន់ ។ ឫស្សីទំពាំងផ្អែមអាចប្រមូលផលពេញ ១ ឆ្នាំទៅ ១ ឆ្នាំ ហើយចាប់ពីខែវិច្ឆិកាដល់ខែមេសា ជារដូវកាលទំពាំងឡើងថ្លៃ ដោយសាររដូវប្រាំងការផ្គត់ផ្គង់មានការថយចុះ ។ ចំពោះពូជកូនឫស្សីទំពាំងផ្អែមគាត់មានលក់ក្នុងមួយដើម ១ ដុល្លារ តែបើទិញដល់ទីកន្លែងក្នុង ១ ដើមថ្លៃ ៣៥០០ រៀល ។
លោកស្រី បុល សុវណ្ណ ដែលចាប់របរដាំឫស្សីទំពាំងផ្អែមបានរយៈពេល ៣ ឆ្នាំមកហើយ បានបញ្ជាក់ថា លោកស្រីទទួលទិញដើមឫស្សីទំពាំងផ្អែមចាស់ៗគេកាប់ចោលយកមកធ្វើធ្យូងអនាម័យដោយក្នុង ១ ដើមឱ្យ ១០០០ ទៅ ១៥០០ រៀលតាមដើមតូច ឬ ធំ ៕