ទម្លាប់មិនល្អទាំង ៥ របស់សិស្សទី ១២ ពេលជិតប្រឡងបាក់ឌុប ដឹងតែឆ្លេឆ្លា ចាប់នេះខុសចាប់នោះខុស!
ការប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្វីដ្បិតលើកកាលបរិច្ឆេទពិតមែន តែការប្រឡងអាចនឹងជិតឈានចូលមកដល់បើសិនជាកម្ពុជាឆ្លងផុតបញ្ហាកូវីដ ១៩ នេះ ។ ទន្ទឹមនឹងនោះ តើយុវជនក៏ដូចជាបេក្ខជនបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងមួយនេះហើយឬនៅ? ត្រូវដឹងថាចាំបាច់ណាស់អ្នកត្រូវរៀបចំត្រៀមខ្លួន ឱ្យហើយ បើចេះតែបណ្ដែតបណ្ដោយ ជិតថ្ងៃប្រឡងច្បាស់ជាឆ្លេឆ្លាពុំដឹងក្បាលពុំដឹងកន្ទុយឡើយ ។ ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមទម្លាយនូវទម្លាប់មិនល្អរបស់សិស្សទី ១២ ដូចខាងក្រោម ៖
១. ចូលចិត្តទុកកិច្ចការចោល
ជាការពិតណាស់ យុវវ័យមួយចំនួនតូច តាំងពីដើមឆ្នាំសិក្សារហូតដល់ចុងឆ្នាំសិក្សា ចូលចិត្តទុកកិច្ចការចោលមិនធ្វើ ជាហេតុដែលនាំឱ្យគេរំលងនូវចំណុចអនុវត្តន៍សំខាន់នៃមេរៀន ពោលគឺមានលក្ខណៈចន្លោះប្រហោងក្នុងការសិក្សា ព្រោះថាគេពុំបានអនុវត្តន៍ពេញលេញនូវកិច្ចការក្នុងមេរៀន ជាហេតុដែលធ្វើឱ្យពេលជិតប្រឡង ភ័យស្លន់ស្លោ ក្ដាប់មេរៀនមិនជុំ ។
២. ចំណាយពេលទៅលើការកម្សាន្តហួសដែនកំណត់
ចាំបាច់ណាស់ ថ្នាក់ទី ១២ ហើយគួរតែលះបង់នូវការកម្សាន្តខ្លះហើយ ។ បើរវល់តែប្រើអារម្មណ៍ជាមួយការកម្សាន្តច្រើនពេក ច្បាស់ណាស់ថាការសិក្សារបស់អ្នកនឹងអន់ថយ ដូច្នេះគួរកាត់បន្ថយការកម្សាន្ត យកពេលវេលាមករំឭកមេរៀន ក៏ដូចជាធ្វើលំហាត់ចាស់ៗ ដើម្បីឱ្យថ្នឹកដៃ ចៀសវាងថ្ងៃប្រឡងឆ្លេឆ្លាអត់យល់ប្រធានសំណួរ ។
៣. ពេលរៀនលេងសើចច្រើន
ថ្នាក់ទី ១២ ហើយនៅកំប្លែងដល់ពេលណាទៀត? ចាប់ផ្ដើមបញ្ឈប់ទម្លាប់លេងសើចពេលម៉ោងរៀនចេញទៅ ព្រោះពេលរៀនចាំបាច់កត់ត្រាមេរៀន និង តាមឱ្យទាន់គ្រូពន្យល់ បើពុំដូច្នោះទេ អ្នកប្រាកដជាតាមមិនទាន់គេឯងឡើយ ហើយពេលប្រឡងច្បាស់ជាមិនយល់ថាគេចង់និយាយពីអី ។
៤. ពុំទាន់ចាំរូបមន្ត
ជិតប្រឡងហើយ នៅមិនទាន់ចាំរូបមន្តទៀត ច្បាស់ណាស់ដូចប្រយុទ្ធទាំងងងឹតងងុលអ៊ីចឹង ។ ដូច្នេះចាំបាច់ណាស់ត្រូវទន្ទេញរូបមន្តឱ្យចាំជាចាំបាច់តែម្ដង ពោលមិនតម្រូវឱ្យចាំទាំងអស់នោះទេ តែអ្នកត្រូវតែចាំឱ្យបានច្រើន អស់ពីលទ្ធភាពរបស់អ្នក បើមិនចង់ឆ្លេឆ្លាពេលជិតប្រឡង ។
៥. មើលរំលងលំហាត់តូចៗ
ជារៀងរាល់ឆ្នាំឃើញថា បេក្ខជនមួយចំនួនកំឡុងពេលសិក្សា តែងតែមើលរំលងនូវលំហាត់តូចៗ ដែលម្នាក់ៗស្រវារំលឹកតែលំហាត់ខ្នាតធំ ពិន្ទុច្រើន ។ អ្នកត្រូវដឹងថា លំហាត់តូចៗគឺជាពិន្ទុសន្សំបន្ថែមដ៏ល្អពីលំហាត់ធំៗ ដូច្នេះអ្នកមិនគួរមើលរំលងវាបានឡើយ ព្រោះបើអ្នកបរាជ័យលំហាត់ធំៗ អ្នកនៅសល់ពិន្ទុសន្សំពីលំហាត់តូចៗ អាចបន្ថែមឱ្យអ្នកជាប់ ឬ បាននិទ្ទេសល្អបាន ហើយបើមិនចេះលំហាត់តូចៗនោះទេ ច្បាស់ជាឆ្លេឆ្លាថ្ងៃចេញវិញ្ញាសាមិនខាន ៕