ចំពោះកសិករ ឬ អ្នកដែលមានដើមទុនត្រឹម ៣ លានរៀល អាចចាប់មុខរបរចិញ្ចឹមសត្វក្រួចបាន ព្រោះវាអាចផ្តល់ប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយក៏មិនពិបាកចិញ្ចឹមខ្លាចមានជំងឺដូចមាន់ទាដែរ ។
លោក ឡោត ទ្រី អាយុ ២៩ ឆ្នាំរៀនចប់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសនាឆ្នាំ ២០១៦ មានទីលំនៅភូមិខ្វាវ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដែលចាប់មុខរបរចិញ្ចឹមក្រួចរយៈពេល ១ ឆ្នាំមកហើយ ដោយដាក់ឈ្មោះថាកសិដ្ឋានចិញ្ចឹមក្រួចខេត្តកំពត បានឱ្យដឹងថា «ខុសពីសត្វមាន់ទាដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺ ចំពោះសត្វក្រួចងាយចិញ្ចឹមមិនបាច់ចាក់វ៉ាក់សាំងគឺឱ្យតែជ្រើសយកពូជល្អមកចិញ្ចឹម ឱ្យវាស៊ីចំណីគ្រប់គ្រាន់ មានទ្រុងចិញ្ចឹមសមស្រប នោះវានឹងធំធាត់ល្អឆាប់ហុចផល ពោលគឺចិញ្ចឹមតែ ៣៥ ថ្ងៃ អាចចាប់លក់សាច់បានហើយ តែបើចង់ចិញ្ចឹមទុកយកពងមកភ្ញាស់យកកូនលក់បន្តត្រូវចិញ្ចឹមដល់ ៤៥ ថ្ងៃ ដោយក្រួចមួយក្បាលវាពងបានចំនួន ២៤០ ទៅ ២៨០ ពងក្នុង ១ ឆ្នាំ» ។
លោក ឡោត ទ្រី បានលើកពីបទពិសោធផ្ទាល់ខ្លួនប្រាប់ថា «ក្រួចមានច្រើនពូជ ក្នុងនោះមានពូជមកពីជប៉ុន, ពីវៀតណាម, ពីម៉ាឡេស៊ី, ពីបារាំង ជាដើម តែសម្រាប់គាត់គឺជ្រើសរើសពូជក្រួចមកពីជប៉ុន ដោយទៅទិញពូជដល់ស្អាងកោះធំ ព្រោះយល់ថាវាមានរូបរាងធំត្រឹមតែ ៤ ក្បាល ទម្ងន់បាន ១ គីឡូក្រាម ។ រីឯក្រួចពូជផ្សេងទៀតមានរូបរាងតូចជាង» ។
ពេលនេះក្រួចដែលលោកចិញ្ចឹមមានចំនួនជាង ២០០០ ក្បាល និង មានទូភ្ញាស់កែច្នៃខ្លួនឯងចំនួន ៦ ទូ ក្នុងនោះទូធ្វើពីដែកអាចភ្ញាស់ពងម្តងៗបាន ៦០០០ ពង ចំនួន ២ ទូ និង ទូភ្ញាស់ធ្វើពីស្នោអាចដាក់ពងភ្ញាស់ម្តងៗបាន ៩០០ ពង ចំនួន ៤ ទូ ដែលគិតជាមធ្យមអាចរកចំណូលបាន ១៥០០ ដុល្លារក្នុងមួយខែ តាមវិធីលក់ពងទៅឱ្យអ្នកទិញទៅភ្ញាស់ និង លក់កូនដែលគាត់ភ្ញាស់បានដោយផ្ទាល់ ។
មិនត្រឹមប៉ុណ្ណោះលោកក៏បានសហការចងក្រងគ្នាជាក្រុមអ្នកចិញ្ចឹមក្រួចចំនួន ៦ នាក់ ដោយជួយលក់ និង ផ្តល់ឱ្យគ្នាទៅវិញទៅមកទៅតាមតម្រូវការអតិថិជនទាំងសាច់ក្រួច ពងក្រួច និង កូនក្រួចសម្រាប់ចិញ្ចឹម ។
ថ្វីបើសាច់ក្រួចមិនទាន់ជាទីពេញនិយមដូចសាច់មាន់ទា តែទៅថ្ងៃមុខគេជឿថាវានឹងក្លាយជាមុខអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ និង សំខាន់ផងដែរ ព្រោះក្រួចក្រៅពីយកទៅអាំង និង បំពងហូបលេង និង ជាអាហារក្នុងពិធីមង្គលការ ពិធីបុណ្យទានផ្សេងៗនោះ គេក៏អាចយកវាទៅធ្វើជាមុខម្ហូបផ្សេងៗដូចជាស្ងោរជ្រក់, ស្ងោរងាំង៉ូវ, ស្លម្ជូរ, ឆាក្តៅ, ស្លកកូរ ផងដែរ ។
បច្ចុប្បន្នពូជក្រួចជប៉ុនដែលលោក ឡោត ទ្រី ចិញ្ចឹមហាក់មានទីផ្សារខ្លាំង ដោយក្នុងនោះពងក្រួចយកទៅស្ងោរលក់ថ្លៃ ២០០ រៀលមួយគ្រាប់, ពងយកទៅភ្ញាស់ ២៥០ រៀលមួយគ្រាប់, កូនក្រួចអាយុបាន ១៧ ថ្ងៃមួយក្បាលថ្លៃ ៨០០ រៀល និង សាច់ក្រួចមួយ ៣០០០ រៀល ៕