ដោយសារតែប្រជាជនខ្មែរមួយចំនួននិយមបរិភោគសត្វកន្ធាយ ហើយការចិញ្ចឹមនៅតិចតួចទើបទីផ្សារកន្ធាយកំពុងមានហាងឆេងខ្លាំង ពិសេសតាមហាងជាច្រើនមានមុខម្ហូបសាច់កន្ធាយលក់បំពេញតាមតម្រូវការអតិថិជន ។
លោក ហ៊ឹម សុខឡេង មានទីលំនៅភូមិសែនសុខ ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានចាប់របរចិញ្ចឹមកូនកន្ធាយលក់រយៈពេល ១ ឆ្នាំមកហើយ បានឱ្យដឹងថា បច្ចុប្បន្នលោកអាចទទួលបានប្រាក់ចំណូលខ្ទង់ ១០០០ ដុល្លារ ក្នុងរយៈពេល ១ ខែ ។
ក្រៅតែពីជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងយីហោផ្ទះកន្ធាយនៅខាងលិចអតីតស្ពានដែកចំការដូងលោក ហ៊ឹម សុខឡេង មានទីតាំងចិញ្ចឹមកន្ធាយ ២ កន្លែង ក្នុងនោះនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហការជាមួយចិនចិញ្ចឹមកន្ធាយ ៣០០០០ ក្បាល និង នៅស្រុកសំរោងខេត្តតាកែវចិញ្ចឹម ១០០០ ក្បាល ។
ព្រោះតែមានកសិដ្ឋានចិញ្ចឹមកន្ធាយនេះ ទើបរាល់ថ្ងៃលោកមានលក់កូនកន្ធាយ,លក់សាច់,លក់ពង,និង លក់ម្ហូបធ្វើពីសាច់កន្ធាយហើយបើមានអ្នកចង់ចេះចង់ដឹងពីវិធីចិញ្ចឹមកន្ធាយគឺគាត់នឹងទទួលបង្ហាត់បង្ហាញដោយគ្មានការលាក់លៀមឡើយ ។
រំឭកពីមូលហេតុដែលនាំឱ្យលោកចិញ្ចឹមកន្ធាយលោក ហ៊ឹម សុខឡេង ដែលមានបរិញ្ញាបត្រខាងអាយធី តាំងពីឆ្នាំ ២០០៦ បង្ហើបឱ្យដឹងថា ក្រោយចប់ការសិក្សាលោកបានចូលធ្វើការងារនៅក្រុមហ៊ុនមួយក្រោយមកបានឈប់ហើយចាប់របរបើកលក់សាច់គោអាំង និង លក់កន្ធាយតាមអនឡាញយូរៗទៅកាន់តែមានអតិថិជនត្រូវការច្រើនដោយគេបានកុម្ម៉ង់ម្ហូបកន្ធាយមានស៊ុបកន្ធាយ,កន្ធាយចំហុយ,កន្ធាយដុតអំបិលម្ទេស…ពីមួយថ្ងៃទៅមួយថ្ងៃកើនពី ១០ ទៅ ២០ គីឡូក្រាមទើបមានគំនិតចង់ចិញ្ចឹមកន្ធាយដើម្បីបំពេញតម្រូវការទីផ្សារ ព្រោះមានហាងជាច្រើនលក់ម្ហូបសាច់កន្ធាយ ។
ការចិញ្ចឹមកន្ធាយងាយស្រួលជាងចិញ្ចឹមមាន់ទាទៅទៀតព្រោះមិនពិបាកថែទាំគ្រាន់តែឱ្យវាស៊ីចំណី ១ ថ្ងៃ ២ ដងប៉ុណ្ណោះ ។ លោកបានទទួលទិញពងកន្ធាយមកភ្ញាស់កូនលក់ឱ្យអ្នកចង់ចិញ្ចឹមដោយ កូនកន្ធាយអាយុក្រោម ១ ខែ ១ក្បាល លក់តម្លៃ ៣០០០ រៀល និង កន្ធាយមានអាយុ ៣ ខែតម្លៃ ១ ក្បាល ៦០០០ រៀល ។
កូនកន្ធាយចិញ្ចឹមតែរយៈពេល ៥ ទៅ ៦ ខែ លក់ចេញបានហើយក្នុងនោះកន្ធាយ ១ ក្បាលទម្ងន់ពី ៥ ខាំទៅ ៦ ខាំលក់ថ្លៃ ៨ ដុល្លារ ក្នុងមួយគីឡូក្រាម,កន្ធាយ ១ ក្បាលទម្ងន់ពី ៧ ខាំទៅ ៨ ខាំលក់ថ្លៃ ៩ ដុល្លារ ក្នុងមួយគីឡូក្រាម និង កន្ធាយ ១ ក្បាលទម្ងន់ពី ៩ ខាំទៅ លក់ថ្លៃ ១១ ដុល្លារក្នុងមួយគីឡូក្រាម ។ ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយ រូបនេះបានបង្ហាញពីគោលបំណងផ្ទាល់ខ្លួនថា៖នាពេលខាងមុខគាត់នឹងបង្កើតកសិដ្ឋានធំដើម្បីចិញ្ចឹមបង្កងទៀត ៕