សម័យប្រឡងបាក់ឌុប ៣ ជំនាន់ ក្រឡាប់ចាក់កក្រើកប្រទេស ចារទុកជាប្រវត្តិសាស្ត្រ
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ៣ ជំនាន់ ពោលគឺក្នុងឆ្នាំ ២០១៤, ២០១៨ និង ២០២០ បានធ្វើឱ្យសិស្សានុសិស្ស ចងចាំគ្មានថ្ងៃភ្លេច ជាការប្រែប្រួលខ្លាំង មិនធ្លាប់ជួបប្រទះនារយៈពេល ១០ ឆ្នាំចុងក្រោយនេះ ។ សម័យប្រឡងបាក់ឌុប ៣ ជំនាន់ បានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្ររួមមាន៖
១. សម័យប្រឡងបាក់ឌុប ២០១៤
រំឮកដល់សម័យប្រឡង ២៥ សីហា ២០១៤ មកដល់ពេលនេះសិស្សខ្លះនៅជូតទឹកភ្នែកមិនទាន់ស្ងួតផង ជាពេលវេលាដ៏តានតឹងបំផុតក្នុងការប្រឡងដែលសិស្សច្បងជំនាន់មុនៗមិនធ្លាប់ជួបប្រទះ ។ សម័យប្រឡង ២០១៤ គឺជាពេលវេលា នៃការធ្វើកំណែទម្រង់វិស័យអប់រំជាលើកដំបូងនៅកម្ពុជា ។ ការប្រឡងសញ្ញាបត្រទុតិយភូមិនាពេលនោះ ត្រូវបានរឹតបន្តឹងហួសពីការស្មាន ដែលសិស្សភាគច្រើនមិនបានត្រៀមខ្លួនទាន់ ។ ជាលទ្ធផលសិស្សដែលជាប់នាពេលនោះ មានត្រឹមតែ២៣ ១២៦ នាក់ ស្នើនឹង ២៥.៧២% ដោយសិស្សជាប់និទ្ទេសមាន A ចំនួន ១១ នាក់ ប៉ុណ្ណោះ ។ ចំណែកឯសិស្សរាប់ម៉ឺននាក់ផ្សេងទៀតធ្លាក់គរជើងគ្នា ។
រឿងស្មានមិនដល់មួយបានកើតឡើងនៅក្នុងឆ្នាំនោះ សិស្សដែលបរាជ័យការប្រឡងទាំងអស់ បានផ្ទុះការតវ៉ា រហូតបានស្នើទៅសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យក្រសួងរៀបចំការប្រឡងជាលើកទី ២ ។ ការប្រឡងជាលើកទី ២ ក៏បានចាប់ផ្ដើមនៅថ្ងៃទី ១៣-១៤ ខែតុលា ឆ្នាំ ២០១៤ ។ លទ្ធផលប្រឡងលើកទី ២ បេក្ខជនចំនួន ១២ ១៩៩ នាក់បានជាប់ ស្មើ ១៧,៩៤% ក្នុងចំណោមបេក្ខជនជិត ៧ ម៉ឺននាក់ ប៉ុន្តែការប្រឡងលើកទី ២ នេះគ្មានបេក្ខជនជាប់និទ្ទេស A ឡើយ ។
២.សម័យប្រឡងបាក់ឌុបឆ្នាំ ២០១៨
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០ សីហា ២០១៨ បានធ្វើឱ្យមានបញ្ហាដ៏ធំមួយផ្ទុះកើតឡើងកក្រើកទូទាំងប្រទេស ស្ទើរតែគាំងបេះដូង នៅពេលដែលពេលវេលានៃការប្រកាសលទ្ធផលនៅថ្ងៃទី ១៤ កញ្ញា ២០១៨ បានមកដល់ ។ ក្នុងឆ្នាំនោះ មានបញ្ហាមួយកើតឡើងស្មានមិនដល់ គឺបេក្ខជនស្ទើរទូទាំងប្រទេស សុទ្ធតែធ្លាក់ មុខវិទ្យាគណិត ក្នុងនោះសូម្បីអតីតសិស្សឆ្នើមមេដាយមាសគណិត ១ រូបក៏ធ្លាក់មុខវិជ្ជានេះដែរ ។ រឿងរ៉ាវមិនអាចបញ្ចប់បានទេ ផ្ដើមចេញពីការតវ៉ា ដាក់ពាក្យតវ៉ារបស់ម្ចាស់មេដាយមាស ឆាយ លីអាន បានធ្វើឱ្យបេក្ខជនផ្សេងទៀតដាក់ពាក្យតវ៉ាភ្លូកទឹកភ្លូកដីនាពេលនោះ ។
ជាលទ្ធផលក្រោយផ្ទុះការតវ៉ាពាសពេញផ្ទៃប្រទេស ក្រសួងបានធ្វើការពិនិត្យឡើងវិញស្រាប់តែរកឃើញបញ្ហាមួយ គឺកំហុសបច្ចេកទេសកុំព្យូទ័រមិនបានស្រង់ពិន្ទុគណិតវិទ្យា ។ នាពេលនោះ ក្រសួងបានចេញសេចក្ដីប្រកាស រៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយជាបន្ទាន់ផងដែរ ។ ចុងក្រោយក្រសួងបានប្រកាសលទ្ធផលជាលើកទី ២ បេក្ខជនជាប់សរុប ៧៦ ០៣៤ នាក់ឯណោះ ឯលទ្ធផលចាស់ ៧៥ ០៥៩ នាក់ប៉ុណ្ណោះ ។ ការប្រែប្រួលលទ្ធផលនេះធ្វើឱ្យបេក្ខជនចំនួន ៩៧៥ នាក់ ដែលបានធ្លាក់នោះជាប់ឡើងវិញ ។ ចំណែកឯអ្នកជាប់និទ្ទេស A ក៏មានការកើនឡើងវិញរហូតដល់ ៤០៨ នាក់ ។
៣.សម័យប្រឡងបាក់ឌុប ២០២០
២០២០ ជាពេលវេលាដ៏តានតឹងបំផុតសម្រាប់ប្រជាជនទូទាំងសកលលោករួមទាំងប្រទេសកម្ពុជា ដោយសារការាតត្បាតវីរុសកូវីដ ១៩ ធ្វើឱ្យជះឥទ្ធិពលអាក្រក់លើគ្រប់វិស័យ ។ ក្នុងនោះបានបង្កផលលំបាកដ៏ធ្ងន់ធ្ងរមួយក្នុងវិស័យអប់រំផងដែរ ។ ការសិក្សារបស់សិស្សានុសិស្សត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។ បញ្ហាដែលមិនធ្លាប់ជួបប្រទះនោះ គឺការផ្អាកការសិក្សាម្ដងហើយម្ដងទៀត ព្រោះភាពមិនច្បាស់លាស់នៃការរីករាលដាលវីរុសនេះ នាំឱ្យពេលវេលាការសិក្សា និងការប្រឡងឆមាសរបស់សិស្សទូទាំងប្រទេសរំកិល និងពន្យាពេលជាបន្តបន្ទាប់ ។
ឆ្នាំ ២០២០ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមិនអាចធ្វើឡើងតាមកាលកំណត់ក្នុងខែសីហា បានឡើយ ក្រសួងបានពន្យាពេលដល់ខែធ្នូ លុះមកដល់ខែធ្នូ នេះស្រាប់តែវីរុសកូវីដ ១៩ បានឆ្លងចូលសហគមន៍ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ។ ក្រសួងបានបង្ខំចិត្តធ្វើសេចក្ដីប្រកាសលើកពេលការប្រឡងបាក់ឌុបទៅថ្ងៃទី ១១ ខែមករា ២០២១ ហើយបើក្នុងករណីដល់ពេលមិនអាចប្រឡងបានទៀត ក្រសួងនឹងយកលទ្ធផលប្រឡងឆមាសលើកទី ១ និងទី ២ ដើម្បីសម្រេចការជាប់ ឬធ្លាក់របស់សិស្សទាំងអស់ ។
រឿងរ៉ាវកើតឡើងស្មានមិនដល់មួយ ពោលគឺនៅថ្ងៃទី ១៥ ធ្នូ ២០២០ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាឱ្យបេក្ខជនទាំងអស់ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ធ្វើឱ្យបេក្ខជនមានការភ្ញាក់ផ្អើលទូទាំងប្រទេស ហើយទន្ទឹងរង់ចាំការប្រកាសជាផ្លូវការរបស់ក្រសួងអប់រំ ។ នៅទីបំផុតនៅថ្ងៃទី ១៦ ធ្នូ ២០២០ ក្រសួងបានប្រកាសជាផ្លូវការឱ្យបេក្ខជនដែលបានដាក់ពាក្យទាំងអស់ ជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេសឡើយ ។
នេះជាប្រវត្តិសាស្ត្រមួយមិនធ្លាប់កើតមានដោយសិស្សទី ១២ ទូទាំងប្រទេសប្រមាណជាង ១០ ម៉ឺននាក់ មិនបានប្រឡងសញ្ញាបត្រទុតិយភូមិ ហើយបានជាប់ទាំងអស់គ្នាដោយមិនមាននិទ្ទេសបែបនេះ ៕