សូមជ្រាប! ពីថ្ងៃនេះប៉ូលិសចេញផាក នៅភ្នំពេញ និងសៀមរាបវិញហើយ ក្រោយផ្អាកមួយរយៈ
ដោយសារព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា នាដើមខែធ្នូ ឆ្នាំ ២០២០ នេះ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យនគរបាលចរាចរណ៍ ផ្អាកការផាកពិន័យ រយៈពេល ១៥ ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។
ដោយឡែកនៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា បន្ទាប់ពីផ្អាករយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ ដោយសារជំងឺកូវីដ-១៩នោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យនគរបាលចរាចរណ៍ ចាប់ផ្ដើមបន្ដការអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញដូចសព្វមួយដងវិញហើយ ។ នេះដោយសារកន្លងមកប្រជាពលរដ្ឋមានចម្ងល់ទៅលើបញ្ហាពុំឃើញមានការប្រកាសដំណឹង តែឃើញមានការអនុវត្តន៍ចាប់ផ្ដើមរឹតបន្តឹងជាថ្មី ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានបញ្ជាក់ផងដែរថា «រយៈពេលនេះការផ្អាកគឺ ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ០១-១៥ ខែធ្នូ ហើយចាប់ពីថ្ងៃទី១៦ ខែធ្នូមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានផ្ដើមអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណឡើងវិញ រីឯខេត្តផ្សេងៗទៀត អត់មានផ្អាកទេ គឺអនុវត្តរហូតមក»។
ប្រភព ៖ Fresh News