ប្រិយមិត្តធ្លាប់បានស្គាល់រួចមកហើយនូវ តំបន់ទេសចរណ៍ធម្មជាតិ ខ្នងផ្សារ ជាឋានសួគ៏ក្រោមមេឃ ដែលរំលេចខ្លួនឡើង នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទីនោះ ជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួន ៣គឺ កោះកុង កំពង់ស្ពឺ និង ពោធិ៍សាត់ ។
ធ្លាប់តែជាវាលស្មៅពណ៌បៃតងខៀវស្រស់ ទាក់ទាញភ្ញៀវទេសច ឱ្យលះបង់កម្លាំងកាយចិត្ត បានឡើងទៅទស្សនាកម្សាន្តអារម្មណ៍ ពេលនេះ ខ្នងផ្សារ ប្រែផ្លាស់សម្រស់ថ្មីស្រស់ស្អាតទ្វេរដង ស្របទៅតាមរដូវកាលនៃធម្មជាតិ ដោយវាលនៅលើភ្នំចាប់ផ្ដើមប្រែទៅជាពណ៌មាស លាតសន្ទឹងនៅលើផ្ទៃបរព៌តតែម្ដង នេះបង្ហាញឱ្យឃើញថា មិនថាស្ថិតក្នុងរដូវកាលណា ក៏ខ្នងផ្សារនៅតែបង្អួតសម្រស់ឱ្យអ្នកផ្សងព្រេងទប់អារម្មណ៍មិនជាប់ ចង់តែទៅផ្សងព្រេងកម្សាន្តម្ដងហើយម្ដងទៀត ឥតជិនណាយ ។
គួរបញ្ជាក់ផងដែរថា ដើម្បីទៅដល់ទីនោះ ប្រិយមិត្ត ត្រូវធ្វើដំណើរទៅទីរួមខេត្តកំពង់ស្ពឺ ចូលតាមផ្លូវជាតិលេខ៤ រួចបន្តដំណើរទៅមុខរហូតដល់ ភូមិរលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយត្រូវជិះបន្តមកមុខទៀតប្រហែល ៥,៦គីឡូម៉ែត្រទៀត មកដល់ឃុំតាំងបំពង់ តំបន់រលាក់កងជើង ទើបឈប់ រួចត្រូវជិះគោយន្តរបស់សហគមន៍ទៅកាន់ជើងភ្នំ ដោយចំណាយពេលប្រហែលជិត ២ម៉ោង ដើម្បីទៅដល់ជើងភ្នំដែលយើងត្រូវដើរឡើង ៕
ប្រភពរូបភាព ៖ Chantethya Chuon ST