អាហារូបករណ៍ជាង ១០ សាកលវិទ្យាល័យល្បីៗ កំពុងរង់ចាំនិស្សិតសិក្សា មិនអស់លុយមួយរៀល
បន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា អនុម័តតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អនុញ្ញាតឱ្យសិស្សបាក់ឌុបទាំងអស់ជាប់ជាស្ថាពរក្នុងបរិបទកូវីដ ១៩ ឆ្នាំ ២០២០ នេះរួចមក ឃើញថាការបើកថ្នាក់សិក្សាបរិញ្ញាបត្រជិតចាប់ផ្ដើមហើយ ខណៈដែលសាកលវិទ្យាល័យមួយចំនួនកំពុងផ្ដល់អាហារូបករណ៍ជាច្រើនដល់និស្សិតដែលចង់បន្តការសិក្សាផ្នែកបរិញ្ញាបត្រ ដែលសាកលវិទ្យាល័យទាំងនោះរួមមាន ៖
១. សាកលវិទ្យាល័យ AUPP (American University of Phnom Penh)
សម្រាប់វគ្គសិក្សាឆ្នាំ ២០២១ សាកលវិទ្យាល័យ AUPP ផ្ដល់អាហារូបករណ៍ពេញ ១០០% ចំនួន ២៦ កន្លែង ដែលមានដូចជា ៖ ១ កន្លែងសម្រាប់មុខជំនាញធុរកិច្ច, ៥ កន្លែងសម្រាប់មុខជំនាញច្បាប់, ៥ កន្លែងសម្រាប់មុខជំនាញកិច្ចការសកល, ១៥ កន្លែងសម្រាប់មុខជំនាញបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន ។ លើសពីនេះ បេក្ខជនដែលទទួលបាននិទ្ទេស A ឬ B ពីការប្រឡងចូល ដែលរៀបចំដោយ AUPP នឹងទទួលបានអាហារូបករណ៍ដោយស្វ័យប្រវត្តិសម្រាប់មុខជំនាញសិក្សាទាំងអស់ដែលមានផ្តល់ជូនដោយសាកលវិទ្យាល័យ ។
២. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)
ក្នុងឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៨០ នាក់ សម្រាប់សិក្សារយៈពេល ៥ ឆ្នាំ តាមនីតិវិធីរបស់ក្រសួងអប់រំ យុវជននិងកីឡា ។ ក្នុងនោះដែរ វិទ្យាស្ថានបានផ្ដល់នូវអាហារូបករណ៍ប្រមាណ ២៥% សម្រាប់នារីគ្រប់រូបដែលសិក្សានៅទីនោះ ។ គួរបញ្ជាក់ផងដែរថា អាហារូបករណ៍ទាំងអស់ខាងលើនេះ នឹងត្រូវកាត់ផ្ដាច់ក្នុងករណីនិស្សិតរៀនត្រួតថ្នាក់ ។
៣. សាកលវិទ្យាល័យកម្ពុជា (The University of Cambodia)
សាកលវិទ្យាល័យកម្ពុជា ប្រកាសផ្ដល់ជូនអាហារូបករណ៍សន្តិភាព ឆ្នាំ ២០២០ ចំនួន ៥០០ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រ វគ្គសិក្សាទី ២ ឆ្នាំសិក្សា ២០២០-២០២១ ។ គួរបញ្ជាក់ផងដែរថា សាលានឹងផុតកំណត់ទទួលពាក្យ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ចំណែកឯថ្ងៃប្រលងគឺនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ និង ចូលរៀននៅថ្ងៃ ១៥ មីនា ឆ្នាំ ២០២១ ។
៤. សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានផ្ដល់ឱកាសអាហារូបករណ៍ ឆ្លាតវ័យ និង តែមួយគត់ដើម្បីប្រកួតប្រជែងយកអាហារូបករណ៍ «១០០ភាគរយតែម្តង» សិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” ។ និស្សិតទាំងអស់ត្រូវជ្រើសយក “ស.វ.ស” ជាជម្រើសទី ១ ក្នុងការប្រឡងជ្រើសរើសចូលរៀនថ្នាក់ជាតិ ដែលរៀបចំដោយគណៈកម្មាធិការប្រឡងថ្នាក់ជាតិ នៃទីស្តីការគណៈរដ្ឋមន្រ្តី ។
នេះគឺជាអាហារូបករណ៍របស់រាជរដ្ឋាភិបាល ផ្តល់ជូនអនាគតនិស្សិតក្នុងលំដាប់ពិន្ទុខ្ពស់ជាងគេ ដែលជាប់ចូលរៀនថ្នាក់ជាតិនៅ”ស.វ.ស” ។ អាហារូបករណ៍នេះ នឹងផ្តល់ជូនមួយចប់កម្មវិធីសិក្សាទៅតាមជំនាញដែលអ្នកបានជ្រើសរើស ។
៥. សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តបាត់ដំបង
ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តបាត់ដំបង បានផ្ដល់ជូនអាហារូបករណ៍ចាប់ពី ៣០% រហូតដល់ ១០០% រយៈពេល ៤ ឆ្នាំ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ។ ដែលអាហារូបករណ៍នោះមានដូចជា ៖ ១០០% ចំនួន ១០កន្លែង , ៧០% ចំនួន ២០ កន្លែង , ៥០% ចំនួន ៣០ កន្លែង និង ៣០% ចំនួនមិនមានកំណត់ ។ គួរបញ្ជាក់ផងដែរថា កាលបរិច្ឆេទប្រឡងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។
៦. សាកលវិទ្យាល័យមេគង្គកម្ពុជា
នៅសាកលវិទ្យាល័យមេគង្គកម្ពុជា បានបើកឱកាសប្រឡងអាហារូបករណ៍ចាប់ពី ៥០% ៧០% និង ១០០% ទៅលើមុខជំនាញ អប់រំភាសាអង់គ្លេស ទីផ្សារ បច្ចេកវិទ្យាកុំព្យូទ័រ ធនាគារ និង ហិរញ្ញវត្ថុ គ្រប់គ្រងធនធានមនុស្ស ពាណិជ្ជកម្មអន្តរជាតិ និង ជំនាញផ្សេងៗទៀត ។ ផុតកំណត់ទទួលពាក្យប្រឡង នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ និង ប្រឡងយកអាហារូបករណ៍ នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ ។
៧. សាកលវិទ្យាល័យ អន្តរជាតិ (International University)
សម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ សាកលវិទ្យាល័យអន្តរជាតិ បានផ្ដល់អាហារូបករណ៍ជាច្រើនដែលមានចាប់ពី ២៥% ៥០% និង ១០០% សម្រាប់ថ្នាក់បើកថ្មី ដែលចូលរៀននៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ ទៅលើមុខជំនាញទាំង ៦ ដែលមានដូចជា គ្រប់គ្រងសណ្ឋាគារ និង ទេសចរណ៍ ហិរញ្ញវត្ថុ និង ធនាគារ គណនេយ្យ គ្រប់គ្រង គ្រប់គ្រងទីផ្សារ និង មុខជំនាញច្បាប់ ។
៨. សាកលវិទ្យាល័យវេស្ទើន (Western University)
សាកលវិទ្យាល័យវេស្ទើន បានផ្ដល់អាហារូបករណ៍ ពី ៥០% ទៅ ១០០% ដែលសាលាបើកឱ្យប្រឡងរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ។ ក្នុងនោះផងដែរ សាលាបានបញ្ចុះថ្លៃសិក្សា ត្រឹម ៤៥០$ ត្រឹមថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១ ដែលក្រោយពីផុតកាលបរិច្ឆេទនេះ តម្លៃពេញ ៧០០$ ។
៩. សាកលវិទ្យាល័យខេមរៈ (Khemarak University)
សាកលវិទ្យាល័យខេមរៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ពី ៥០% ទៅ ៨០% នឹងផ្ដល់ជូនការរៀនភាសាចិន រយៈពេលមួយឆ្នាំឥតបង់ថ្លៃ ។
១០. សាកលវិទ្យាល័យ លីមកុកវីង (Limkokwing University)
សាកលវិទ្យាល័យលីមកុកវីង បានប្រកាសសេចក្ដីជូនដំណឹង ផ្ដល់អាហារូបករណ៍ ១០០% ដល់សិស្សដែលចាប់អារម្មណ៍ជំនាញនៅសាលានេះ សម្រាប់ពត៌មានបន្ថែមសូមតាមដាននៅលើផេកផ្លូវការរបស់សាលាផ្ទាល់ ។
១១ . សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន
សាកលវិទ្យាធិការ របស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបានប្រកាសផ្ដល់អាហារូបករណ៍លើសពី ២០០ កន្លែង ដោយបេក្ខជនគ្រាន់តែបំពេញពាក្យស្នើសុំអាហារូបករណ៍ ដោយភ្ជាប់ជាមួយនូវលក្ខខណ្ឌដូចបានណែនាំក្នុងពាក្យស្នើសុំគណៈកម្មការអាហារូបករណ៍នឹងធ្វើការវាយតម្លៃ ហើយក្រុមការងារនឹងអញ្ជើញបេក្ខជនដែលបានជ្រើសរើសមកធ្វើការសម្ភាសន៍ដោយផ្ទាល់ ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ៕