កុំរៀបការព្រោះអាយុច្រើន គួរចាប់ផ្ដើមជីវិតគូ ពេលអ្នកមាន ៤ យ៉ាងនេះ
មនុស្សគ្រប់រូបពិតណាស់ កម្រនឹងជៀសផុតពីជីវិតមានគូ ត្រូវរៀបការកសាងគ្រួសារមួយ ។ ការរៀបការជាដំណាក់កាលដ៏ធំមួយក្នុងជីវិតមនុស្សម្នាក់ មិនមែនរស់ជាខ្លួនមួយដូចមុនទៀតទេ គឺត្រូវយកចិត្តនឹងបេះដូងដាក់ក្នុងខ្លួនមនុស្សម្នាក់ទៀត ដែលម្នាក់នោះជាស្វាមី ឬ ជាភរិយារបស់យើងត្រូវរួមរស់ជាមួយគ្នាអស់មួយជីវិត ។ បែបនេះហើយការសម្រេចចិត្តរៀបការគឺសំខាន់ណាស់ មិនមែនព្រោះហេតុផល មិនព្រោះកាតព្វកិច្ច មិនមែនព្រោះតែអាយុច្រើន ។ អ្នកដល់ពេលដែលត្រូវរៀបការបើមានមានចំណុចទាំងនេះ៖
១.អ្នកបានស្វែងរកដៃគូជីវិតដ៏ស័ក្ដិសមម្នាក់
ម្នាក់ដែលត្រូវចូលមកក្នុងជីវិតអ្នក មិនមែនកើតចេញពីការណែនាំ មិនមែនចេញពីការចាប់គូ តែត្រូវរៀបការជាមួយនរណាដែលអ្នកស្រឡាញ់គេពិតប្រាកដ ហើយម្នាក់នោះក៏ស្រឡាញ់អ្នកដូចគ្នា ។ ម្នាក់នោះអ្នកមិនអាចខ្វះបានក្នុងជីវិត ម្នាក់នោះជាចំណែកនៃសុភមង្គលក្នុងជីវិតអ្នក ហើយម្នាក់នោះគឺជាអ្នកជួយឱ្យជីវិតគ្រួសាររីកចម្រើនក្រោយរៀបការរួច ។
២.នៅពេលដែលអ្នកយល់ព្រមលះបង់សេចក្ដីសុខផ្ទាល់ខ្លួន
ចាប់ពីពេលនេះតទៅ អ្នកមិនមែនជាខ្លួនអ្នកទៀតទេ មិនអាចដើរហើរដោយសេរី មិនអាចចាយវាយពេញៗដៃទៀត ក៏មិនអាចមានស្នេហាផ្សេងទៀតបានដែរ ។ បើអ្នកមិនអាចលះបង់សេចក្ដីសុខផ្ទាល់ខ្លួនទេ អ្នកមិនគួរយកម្នាក់នោះចូលមករងទឹកភ្នែកឡើយ ។ សូមរៀបការដោយមានទំនួលខុសត្រូវ ថានឹងត្រូវក្លាយជាឪពុកគេ ម្ដាយគេ ជាមេគ្រូសារ មិនមែនខ្លួនមួយទៀតទេ ។
៣.រៀបការនៅពេលដែលអ្នកមានប្រភពហិរញ្ញវត្ថុនឹងនរ
ក្រោយរៀបការ ការចំណាយសព្វគ្រប់បែបយ៉ាងនឹងកាន់តែច្រើនជាងមុន ដូច្នេះហើយត្រូវធានាថា យើងមិនខ្វះមុខខ្វះក្រោយ ព្រោះការរៀបការយើងក៏ប្រាថ្នានឹងមានជីវិតប្រសើរជាងមុនដែរ ។ ស្ថានភាពប្រាក់ចំណូលល្អប្រសើរក៏ជាចំណែកមួយជួយឱ្យគ្រួសារឆាប់រីកចម្រើន អាចមានប្រាក់សន្សំដើម្បីបង្កើតមុខរបរណាមួយ ទៅថ្ងៃក្រោយ ពេលមានបុត្រា បុត្រី យើងក៏មិនភ័យព្រួយរឿងលុយកាក់ដើម្បីចិញ្ចឹមពួកគេដែរ ។
៤.អ្នកស្រឡាញ់គ្រួសារគេដូចគ្រួសារអ្នក
ត្រូវចាំថា គ្រួសារទាំងសងខាងក៏ជាចំណែកឱ្យជីវិតគូ មានភាពរឹងមាំ បើអ្នកស្រឡាញ់គេ អ្នកក៏ត្រូវស្រឡាញ់គ្រួសារគេដូចគ្នា ។ ទំនាក់ទំនងគ្រួសារអ្នកទាំងពីរត្រូវតែល្អ មានការយល់ពីគ្នា តែបើគ្រួសារមិនចុះសម្រុងនឹងគ្នាទេ អ្នកទាំងពីរក៏មិនអាចរស់នៅដោយសុខស្រួលនោះទេ ៕