ស្រ្តីម្នាក់ឈ្មោះ ចាន់ ធូ អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានចាប់មុខរបរចិញ្ចឹមសត្វចៀមរយៈពេល ៤ ឆ្នាំកន្លងមកហើយបានឱ្យដឹងថា ការចិញ្ចឹមសត្វចៀមពិតជាងាយស្រួលជាងចិញ្ចឹមសត្វផ្សេងៗដូចជា គោ ពពែ ជាដើម ព្រោះវាជាសត្វស្លូត ងាយឃ្វាល និង មើលថែទាំពិសេសក៏មានទីផ្សារផងដែរ ។
ការចិញ្ចឹមចៀមរបស់គាត់ពេលនេះផ្តោតសំខាន់លើការលក់សាច់ និង ធ្វើពូជប៉ុណ្ណោះ តែទៅថ្ងៃមុខអាចនឹងឈានដល់ការយករោមលក់និងទឹកដោះបន្ថែមទៀតបើមានលទ្ធភាព ។ សត្វចៀមដែលគាត់ចិញ្ចឹមពេលណាមានអតិថិជនទាក់ទងទិញយកទៅចិញ្ចឹមបន្តធ្វើពូជ គឺលក់ក្នុង ១ ក្បាល ៣០០ ដុល្លារ និង លក់ជាសាច់ក្នុងមួយគីឡូក្រាមថ្លៃ ៨ ដុល្លារ ។
រំលឹកពីការចាប់មុខរបរចិញ្ចឹមចៀមរបស់គាត់ដំបូងនាចុងឆ្នាំ ២០១៦ គឺដាក់ត្រឹម ១០ ក្បាល បានរយៈ ១ ឆ្នាំកើនបាន ៣០ ក្បាល ដោយសារសត្វចៀមកូនញឹកក្នុង ១ ឆ្នាំ វាកូន ២ ដង ដែលខ្លះកូនម្តង ២ ក៏មាន ។ កាន់តែពិសេសទៀតនោះសត្វចៀមដែលចិញ្ចឹមក្នងចំណោមមេចៀម ២០ ក្បាលគេដាក់ឈ្មោលតែ ១ ក្បាលទេ គឺគ្រប់គ្រាន់ហើយ ។
បន្ទាប់ពីចិញ្ចឹមបាន ៣ ឆ្នាំ ចៀមដែលគាត់ចិញ្ចឹមកើនបានរាប់រយក្បាល និង បានលក់ឱ្យកសិករពីបណ្តាខេត្តផ្សេងៗជាបន្តបន្ទាប់ ។ ចំណែកចៀមដែលចាស់ៗលក់ជាសាច់សម្រាប់គេយកទៅចម្អិនធ្វើជាម្ហូបអាហារ ។ តាមការសង្កេតបច្ចុប្បន្នយុវវ័យភាគច្រើននិយមបរិភោគសាច់ចៀម ដោយយល់ថាសាច់ចៀមឆ្ងាញ់មិនធំក្លិន និង ជាអាហារដែលប្លែក ម្ល៉ោះហើយទើបគេនិយមនាំគ្នាកុម្មង់អាហារសាច់ចៀម ។
សាច់ចៀមឃើញមានលក់នៅតាមផ្សារទំនើប និង មានជាម្ហូបនៅតាមបណ្តាហាងមួយចំនួន ដោយគេបានចម្អិនធ្វើជាមុខម្ហូបផ្សេងៗយ៉ាងមានឱជារស មានដូចជាធ្វើសាច់អាំង ,ស្តេក,ម្ជូរគ្រឿង,ស្លរការី,BBQ … ជាដើម ព្រោះតែហេតុនេះទើបគេយល់ថាការចិញ្ចឹមចៀមពិតជាមានទីផ្សារអាចលក់ចេញបាន ។
បើតាមស្រ្តីឈ្មោះ ចាន់ ធូ បានបង្ហើបឱ្យដឹងថា នាពេលខាងមុខគាត់នឹងពង្រីកការចិញ្ចឹមចៀមឱ្យបានកាន់តែច្រើនដល់ ៣០០ ក្បាល ព្រោះគាត់មានផ្ទៃដីជាង ៣ ហិកតា មានស្មៅធម្មជាតិ និង ស្មៅដាំសម្រាប់ឱ្យចៀមដើរស៊ីស្មៅក្នុងទីនោះបានគ្រប់គ្រាន់ ។ មុខរបរចិញ្ចឹមសត្វចៀមចំណាយទុនតិច ហើយឆាប់ទទួលផលមិនដូចការចិញ្ចឹមគោចំណាយទុនច្រើន និង មិនងាយបានទទួលផល ៕