ចង់ក្លាយជាអ្នកសារព័ត៌មានអាជីព និង គ្រប់គ្រងផលិតកម្មនៅកម្ពុជា ត្រូវឆ្លងកាត់សាកលវិទ្យាល័យ ២ នេះ!
សព្វថ្ងៃនេះ ក្រៅពីមុខជំនាញ គណនេយ្យ និង មុខជំនាញពេទ្យ ឃើញថាយុវជនយើងចាប់ផ្ដើមចាប់អារម្មណ៍ទៅលើជំនាញខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលក្នុងនោះមានដូចជា ផ្នែកសារព័ត៌មានអាជីព ផ្នែកគ្រប់គ្រងផលិតកម្ម ជាដើម ។ ទោះបីជាមានការចាប់អារម្មណ៍ទៅលើជំនាញទាំង ២ នេះក្ដី តែសម្រាប់ប្អូនទើបចប់ទី ១២ មួយចំនួនពុំបានដឹងអំពីព័ត៌មានសិក្សានៃមុខជំនាញនេះឡើយ ។ ដូច្នេះហើយ ថ្ងៃនេះ «ប្រជាប្រិយ» សូមជម្រាបថា បើចង់ក្លាយជាអ្នកសារព័ត៌មានអាជីព ឬ គ្រប់គ្រងផលិតកម្មនៅកម្ពុជា អ្នកត្រូវឆ្លងកាត់ សាកលវិទ្យាល័យធំៗទាំង ២ នេះ មានដូចជា ៖
១. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានដេប៉ាតឺម៉ង់មួយឈ្មោះថា ដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ ឬ ហៅកាត់ថា ឌី.អឹម.ស៊ី.(DMC) នៅទីនោះអាចសម្រេចក្ដីស្រមៃ សម្រាប់និស្សិតដែលមានបំណងចង់សិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយ ដែលមានដូចជា ៖
- អ្នកសារព័ត៌មាន
- អ្នករាយការណ៍ព័ត៌មាន (ទាំងទូរទស្សន៍ និង វិទ្យុ)
- និពន្ធនាយក
- អ្នកសរសេរសាច់រឿង
- អ្នកគ្រប់គ្រងផលិតកម្ម
- មន្ត្រីទំនាក់ទំនងសាធារណៈ
- អ្នកថតរូបសារព័ត៌មាន
- អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយចំរុះ
សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នេះ DMC នឹងប្រឡងជ្រើសរើសនិស្សិតឲ្យចូលរៀនឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បង់ថ្លៃសិក្សាចំនួន ៦០ នាក់ (៣០ នាក់សម្រាប់វេនព្រឹក និង ៣០ នាក់សម្រាប់វេនយប់) ដែលទទួលពាក្យសុំចុះឈ្មោះប្រឡងចូលរៀនចាប់ពីថ្ងៃទី ១១ ខែមករា ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ។
២. សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
ក្រៅពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រក៏មានបង្រៀនជំនាញជាអ្នកកាសែតផងដែរ ដែលវាស្ថិតនៅក្នុងមហាវិទ្យាល័យប្រាស្រ័យទាក់ទង និង សិល្បៈផ្សព្វផ្សាយ ។ មុខវិជ្ជាគ្រប់គ្រងប្រព័ន្ធសារគមនាគមន៍ និង ទំនាក់ទំនងនេះ ផ្តោតសំខាន់លើជំនាញសារព័ត៌មាន ជំនាញផលិតកម្មទាំងខាងទូរស្សន៍ និង វិទ្យុ ជំនាញថតរូប និង ទំនាក់ទំនងសាធារណៈ ។
គួរបញ្ជាក់ផងដែរថា ដោយសារតែស្ថាប័នដែលផ្តល់មុខជំនាញនេះមានចំនួនតិច ដូច្នេះហើយសិស្សនិស្សិតដែលបញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំក៏នៅមានកម្រិតដែរ តែជាក់ស្តែងជំនាញផ្នែកនេះ គឺកំពុងមានតម្រូវការជាច្រើន ៕