សុខភាពគឺជារឿងចម្បងបង្អស់របស់មនុស្សម្នាក់ៗ មិនថាកន្លងមកអ្នកបាន ឬ មិនបានខ្វាយខ្វល់ពីវា ឬ អត់ទេ ប៉ុន្តែឈានចូលឆ្នាំថ្មី ២០២១ ហើយ អ្នកម៉េចនឹងអាចបន្តនូវទម្លាប់អាក្រក់ដែលនាំឱ្យប៉ះពាល់សុខភាពដូចមុនបានទៀតនោះ ។ ដូច្នេះហើយអ្នកគួរចាប់ផ្ដើមអនុវត្តន៍នូវរឿង ៤ យ៉ាងនេះ បើមិនចង់មានជំងឺប្រចាំប្រាណ ៖
១. ចាប់ផ្ដើមធ្វើលំហាត់ប្រាណប្រចាំថ្ងៃ
ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ គឺផ្ដល់ផលល្អចំពោះសុខភាព ដែលអាចជួយដុតរំលាយជាតិខ្លាញ់ និង បំផ្លាញជាតិពុលនៅក្នុងខ្លួនអ្នក ដូច្នេះហើយអ្នកគួរតែចាប់ផ្ដើមធ្វើវា មិនថាទោះក្នុងកាយវិការបែបណាក៏ដោយ ក្នុងចំណោម ការរាំ ការលោត ការរត់ និង ធាក់កង់ ជាដើម ។ ហើយអ្នកគួរតែចាប់ផ្ដើមធ្វើវាក្នុងរយៈពេល ២០ នាទីជារៀងរាល់ថ្ងៃ និង ចាប់ផ្ដើមមានអារម្មណ៍ថា សុខភាព និង កាយវិការរបស់អ្នកនឹងចាប់ផ្ដើមប្រសើរឡើងជាងមុន ។
២. ចាប់ផ្ដើមធ្វើសមាធិ
សុខភាពផ្លូវចិត្ត ក៏ជារឿងសំខាន់ផងដែរសម្រាប់មនុស្សយើង ដូច្នេះហើយអ្នកគួរតែចាប់ផ្ដើមធ្វើសមាធិ ចាប់ពី ១៥ ទៅ ២០ នាទីក្នុងមួយថ្ងៃ ដើម្បីទទួលបានអារម្មណ៍ស្ងប់ សម្រួលខ្យល់ដង្ហើម និង ធ្វើឱ្យខួរក្បាលយើង បញ្ចេញសារធាតុគីមី ប្រឆាំងនឹងការថប់អារម្មណ៍ ។
៣. ចាប់ផ្ដើមញ៉ាំអាហារពេលព្រឹកឱ្យបានទៀងទាត់
២០២១ ហើយ មិនអាចមើលរំលងអាហារពេលព្រឹកទៀតនោះ អ្នកចាំបាច់ត្រូវចាប់ផ្ដើមទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់ ដើម្បីផ្ដល់ថាមពលចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយ ជំនួយការគិត នឹង ជួយឱ្យក្រពះរបស់អ្នកដំណើរការប្រក្រតី ចៀសឆ្ងាយពីបញ្ហាជំងឺក្រពះ ជាដើម ។
៤. ចាប់ផ្ដើមភ្ញាក់ពីដំណេកតាមបែបធម្មជាតិ
អ្នកប្រហែលជាគិតថាវាជាការផ្តល់យោបល់ចម្លែកមួយ ។ មែនហើយ ២០២១ ហើយ អ្នកគួរតែបោះបង់ទម្លាប់ពឹងផ្អែកលើនាឡិការរោទ៍ចោល ហើយងាកមកអនុវត្តទម្លាប់នៃការគេងឱ្យទាន់ពេលវេលា និង ភ្ញាក់ពីដំណេកនៅម៉ោងដដែលរាល់ថ្ងៃដោយមិនបាច់មានម៉ោងរោទ៍ ។ នោះហើយជារបៀបដែលអាចរុញអ្នកចេញពីភាពងងុយគេងរបស់អ្នកបាន ហើយភ្ញាក់ពីគេងដោយធម្មជាតិ និង ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងអារម្មណ៍វិជ្ជមានស្រស់ស្រាយបំផុត ៕
ប្រភព ៖ Healthshots