ជារៀងរាល់ខែស្រ្តីម្នាក់ឈ្មោះ សួស ដាវី អាយុ ៣៥ ឆ្នាំរស់នៅ ភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប អាចរកចំណូលបានពីមុខរបរលក់ត្រី និង លក់កូនត្រីពូជគ្រប់ប្រភេទជាមធ្យម ១០០០ ដុល្លារយ៉ាងងាយ ។
ដោយសារមានបទពិសោធក្នុងការចិញ្ចឹម និង លក់កូនត្រីពូជគ្រប់ប្រភេទអស់រយៈ ១០ ឆ្នាំកន្លងមក ទើបកសិដ្ឋាន ពៅដាវី ត្រូវបានគេស្គាល់ច្រើនថាមានលក់ពូជត្រី គ្រប់ប្រភេទមានដូចជាត្រី គល់រាំង , ត្រីព្រួល , ត្រី ក្រាយ , ត្រី លិញហ៊ឺ , ត្រីសុងហ៊ឺ ,ត្រី ត្រសក់ , ត្រីឆ្ពិន , ត្រីក្រហម , ត្រីឡាបព្យ៉ា , ត្រីកន្ធរ ,ត្រីអណ្តែងលឿង , ត្រីអណ្តែងកូនកាត់ ,ត្រីពោ , ត្រីប្រា , ត្រីក្រាញ់ … សម្រាប់អ្នកយកទៅចិញ្ចឹម ។
ទាំងត្រីសាច់ និង កូនត្រីពូជមិនពិបាករកទីផ្សារឡើយ ព្រោះគេដឹង ព្រមទាំងទាក់ទងទិញដល់កន្លែង ហើយក៏មានអ្នកទាក់ទងទិញតាមផេកឱ្យដឹកឱ្យគេដល់តាមបណ្តាខេត្តមួយចំនួនទៀតផង ។
ត្រីចិញ្ចឹមឆាប់ទទួលផលដោយចិញ្ចឹមតែជាង ២ខែ ទៅ៣ខែ គឺអាចចាប់លក់បានហើយដូចជាត្រីអណ្តែងសាច់លក់ក្នុង១គីឡូក្រាមថ្លៃពី៤០០០ទៅ៦០០០រៀល និង កូនត្រីពូជសម្រាប់ចិញ្ចឹម ១ គីឡូក្រាមថ្លៃជាង ២០.០០០រៀល។ ដោយឡែក ត្រីគល់រាំង ក្នុងកូនត្រីពូជ ១ ក្បាល ថ្លៃ ១ ដុល្លារ ព្រោះតែត្រីនោះជា ប្រភេទត្រីធំគេត្រូវចិញ្ចឹមវាដល់ទៅរាប់ឆ្នាំភាគច្រើន គឺអ្នកមានគេទិញយកទៅចិញ្ចឹមក្នុងស្រះគេ ។
បច្ចុប្បន្នកសិដ្ឋាន ពៅ ដាវី មានស្រះចិញ្ចឹមត្រីធំៗចំនួន ៣ ស្រះ នឹងគ្រោងពង្រីកបន្ថែមទៀតដើម្បីដាក់ត្រីប្រា, ត្រីផ្ទក់, ត្រីឆ្តោ… ព្រោះអ្នកស្រីធ្លាប់មានបទពិសោធ ក្នុងការចិញ្ចឹមត្រី ព្រមទាំងដឹងពីវិធីថែទាំការពារត្រីពីជំងឺផ្សេងៗទៀតផង៕