បច្ចុប្បន្នសត្វពពែត្រូវបានគេចាប់អារម្មណ៍ចិញ្ចឹមច្រើន ព្រោះវាមានទីផ្សារងាយស្រួលក្នុងការលក់ចេញ ទាំងរស់ក៏ដូចជាការលក់សាច់ សំខាន់គឺមានអ្នកចូលចិត្តហូបអាហារសាច់ពពែច្រើន ព្រមទាំងសសើរថាមានរសជាតិឆ្ងាញ់ ។
យុវជនម្នាក់ឈ្មោះ ស៊ិន វីរៈ មានទីលំនៅភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចាប់មុខរបរចិញ្ចឹមសត្វចៀមរយៈពេល ៤ ឆ្នាំកន្លងមកហើយបានឱ្យដឹងថា៖ «ដោយសារឃើញគេចិញ្ចឹមសត្វពពែឆាប់ទទួលផល ទើបរូបគេចាប់របរចិញ្ចឹមពពែនេះបើទោះការចិញ្ចឹមសត្វពពែលំបាកជាងចិញ្ចឹមសត្វចៀមបន្តិចក៏ពិតមែន តែវាក៏ងាយស្រួលជាងចិញ្ចឹមសត្វផ្សេងៗដូចជាគោ…ជាដើម ព្រោះវាជាសត្វស៊ីស្លឹកឈើមិនរើសឱ្យតែមានវាលស្មៅ ឬ ព្រៃ និង កន្លែងវាដេក គឺងាយឃ្វាល និង មើលថែទាំ ពិសេសក៏មានទីផ្សារផងដែរ» ។
ការចិញ្ចឹមពពែរបស់ វីរៈ ពេលនេះផ្តោតសំខាន់លើការលក់សាច់ និង ធ្វើពូជប៉ុណ្ណោះ ហើយរាល់ថ្ងៃស្ទើរតែរកពពែលក់ឱ្យម៉ូយមិនទាន់ផង ។ សត្វពពែដែលគាត់ចិញ្ចឹមពេលណាមានអតិថិជនទាក់ទងទិញយកទៅចិញ្ចឹមបន្តធ្វើពូជ គឺលក់ក្នុង ១ ក្បាលទម្ងន់ពី ១៦ ទៅ ២៥ គីឡូក្រាមថ្លៃ ១៤០ ទៅ ១៥០ ដុល្លារ និង លក់ជាសាច់ក្នុងមួយគីឡូក្រាមថ្លៃ ពី ៩ ទៅ ១១ ដុល្លារ ។ សត្វពពែគេចិញ្ចឹមតែរយៈពេល ៥ ទៅ ៦ ខែអាចលក់បញ្ចេញបានហើយ តែបើចិញ្ចឹមចាប់ពី ១ ឆ្នាំឡើង វាអាចមានទម្ងន់ខ្លួនចាប់ពី ៣០ គីឡូក្រាមឡើងទៅ ។
រំលឹកពីការចាប់មុខរបរចិញ្ចឹមពពែរបស់គាត់ដំបូងគឺដាក់ត្រឹម ៩ ក្បាល ដោយទិញពីអ្នកស្រុកក្នុងមួយក្បាលថ្លៃជាង ១០០ ដុល្លារ បានរយៈ ១ ឆ្នាំកើនបាន ២០ ក្បាលដោយសារសត្វពពែកូនញឹកក្នុង ១ ឆ្នាំ វាកូន ២ ដងដែលខ្លះកូនម្តង ២ ក៏មាន ។ កាន់តែពិសេសទៀតនោះ សត្វពពែដែលចិញ្ចឹមក្នុងចំណោមមេពពែ ៣០ ក្បាល គេដាក់ឈ្មោលតែ ១ ក្បាលទៅ ២ ក្បាលទេ គឺគ្រប់គ្រាន់ហើយ ។
ពេលនេះពពែដែលគាត់ចិញ្ចឹមកើនបានរាប់រយក្បាល និង បានលក់ឱ្យកសិករពីបណ្តាខេត្តផ្សេងៗទិញយកទៅធ្វើពូជជាបន្តបន្ទាប់ ។ ចំណែកពពែដែលចាស់ៗលក់ជាសាច់សម្រាប់គេយកទៅចម្អិនធ្វើជាម្ហូបអាហារ ។ មុខរបរចិញ្ចឹមសត្វពពែចំណាយទុនតិចងាយចិញ្ចឹម ហើយឆាប់ទទួលផលមិនដូចការចិញ្ចឹមគោចំណាយទុនច្រើនហើយមិនងាយបានទទួលផល ៕