មិនមែនតម្រង់ជួរទិញរបស់ប្រេនៗទេ កូនខ្មែរឈរណែនក្ដន់ចាំទិញពាក្យប្រឡងចូលរៀនពេទ្យ
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ទី ១២ ដោយជោគជ័យ ដោយសិស្សគ្រប់រូបបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្វ័យប្រវត្តិ នៅពេលនេះបេក្ខជនទាំងអស់ ចាប់ផ្ដើមធ្វើការជ្រើសរើសនៅមុខជំនាញដើម្បីសិក្សារៀងៗខ្លួននៅតាមគ្រឹះស្ថានឧត្ដមសិក្សានានា ។
ដោយឡែកក្រឡេកទៅមើលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានតែមួយគត់ធំជាងគេក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមប្រឡងជ្រើសរើសិស្សអាហារូបករណ៍ និងសិស្សបង់ថ្លៃសិក្សាឱ្យចូលរៀននៅឆ្នាំសិក្សាថ្មីហើយ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បើតាមទំព័រហ្វេសប៊ុកផេក សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបង្ហោះរូបភាពមួយចំនួន បង្ហាញពីទិដ្ឋភាពយុវជន យុវនារី ជាច្រើននាក់ កំពុងតម្រង់ជួររង់ចាំទិញពាក្យប្រឡងចូលរៀនសាលាពេទ្យដ៏ល្បីល្បាញមួយនេះ ។
តាមរយៈរូបភាពទាំងនេះបានបង្ហាញឱ្យឃើញពីការគិតគូរ ស្វះស្វែងរកអនាគត ពិសេសនោះមានយុវជនខ្មែរជាច្រើននាក់ មានក្ដីស្រម៉ៃចង់ក្លាយជាគ្រូពេទ្យម្នាក់ ដើម្បីបម្រើឱ្យវិស័យសុខាភិបាលនៅកម្ពុជាយើង ៕