ជីវភាពរបស់ក្រុមគ្រួសារកសិករ ជិម ឈូ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ស្រុកសៀមរាប ខេត្តសៀមរាប រយៈពេល ២ ឆ្នាំកន្លងទៅនេះ ឃើញថាមានភាពធូរធាជាងមុនច្រើនគឺតាំងពីបានចាប់យកមុខរបរចិញ្ចឹមមាន់ស្រែ និង មាន់ខ្មៅ ។
កាលពីមុនគាត់ធ្វើចំណាកស្រុកទៅប្រទេសថៃ តែការធ្វើចំណាកស្រុកនេះមិនបានជួយឱ្យក្រុមគ្រួសារមានជីវភាពធូរធារនោះទេ មានតែយ៉ាប់ទៅៗ ទើបគាត់សម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារ ហើយក្រោយមក ដោយសារមានការជួយចង្អុលបង្ហាញបច្ចេកទេសការចិញ្ចឹមមាន់ពីមិត្តភក្តិ គាត់ក៏ពង្រីកការចិញ្ចឹមជាទ្រង់ទ្រាយធំ និង ចម្រុះមានទាំងមាន់ស្រែមាន់ខ្មៅ ព្រមទាំងក្រួចដែលបានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់រីកចម្រើនរហូត ពោលគឺក្នុង ១ ខែ ចំណូលបានជាង ២០០០ ដុល្លារ ។
កសិករ ជិម ឈូ បានបញ្ជាក់ថា ៖ «ការចិញ្ចឹមមាន់ស្រែផ្តល់ប្រភពចំណូលដល់គ្រួសារគាត់ ដោយពេលនេះគាត់មានមេមាន់ ៣០០ ក្បាល និង មាន់ឈ្មោល ២២ ក្បាល សម្រាប់បង្កាត់ពូជ ហើយរកចំណូលបានពីការភ្ញាស់លក់កូនមាន់ លក់ពងមាន់ និង លក់ជាសាច់ ដោយក្នុងនោះកូនមាន់ស្រែញាស់បាន ១ អាទិត្យលក់ ១ ក្បាល ៤០០០ រៀល កូនមាន់អាយុ ២ អាទិត្យលក់ ៤៥០០ រៀល ១ ក្បាល និង កូនមាន់អាយុ ៣ អាទិត្យលក់ ៥៥០០ រៀល ។
ជាមួយគ្នានោះ គាត់បានចិញ្ចឹមមាន់ខ្មៅសម្រាប់លក់ជូនអតិថិជនដែលមានតម្រូវការក្នុងការយកទៅធ្វើជាអាហារប៉ូវ ដូចជាស៊ុបមាន់ខ្មៅ ឬ សម្រាប់អ្នកចង់បានពូជមាន់ខ្មៅយកទៅចិញ្ចឹមផងដែរ ដោយមានមេមាន់ខ្មៅចំនួន ៦០ ក្បាល និង ឈ្មោលចំនួន ៨ ក្បាល ។ មាន់ខ្មៅអាចលក់បានថ្លៃជាងមាន់ស្រែទៅទៀត ។
មិនត្រឹមចិញ្ចឹមមាន់ប៉ុណ្ណោះទេ កសិករ ជិម ឈូ ថែមទាំងបានចិញ្ចឹមសត្វក្រួចចំនួន ៤០០ ក្បាល ក្នុងនោះមានការលក់ជាសាច់ និង ភ្ញាស់កូនលក់ ដែលអាចបង្កើនចំណូលដល់ក្រុមគ្រួសារគាត់បានក្នុង ១ ខែ រាប់រយដុល្លារទៀតផង ៕