ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាងមណ្ឌាទេវី នឹងយាងមកកាន់ជម្ពូទ្វីប ចំម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១៤ មេសា
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ នឹងឈានចូលមកដល់ នៅថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២១ វេលាម៉ោង ០៤ និង ០០ នាទីទៀបភ្លឺ ។
ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ព្រះនាង មណ្ឌាទេវី ក្នុងកិរិយា គង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភៈ (សត្វលា) ជាពាហនៈយាន ។ ទ្រង់អម្ពរពស្ត្រា ពណ៌អន លម្អព្រះកាណ៌ដោយ ផ្កាចម្ប៉ា អាភរណៈទ្រង់ពាក់ កែវពិទូរ្យ ភក្សាហារទ្រង់សោយ សប្បិ (ទឹកដោះថ្លា) ទ្រង់អាវុធ ព្រះហស្តស្ដាំទ្រង់ម្ជុល ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ។
នៅវេលាទេពធីតាសង្ក្រាន្តឆ្នាំថ្មីយាងចុះមក ត្រូវជួបជុំ គ្រួសារ ដើម្បីថ្វាយបង្គំព្រះ នមសិកា ព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះ នូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងទៅលើព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក រហូតចប់ពិធីទទួលទេវតា ៕