កៀកឆ្នាំថ្មីហើយ! មកដឹងពីគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាងមណ្ឌាទេវី ទាំងអស់គ្នា
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ នឹងឈានចូលមកដល់ នៅថ្ងៃពុធ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា គ្រិស្តសករាជ ២០២១ វេលាម៉ោង ០៤ និង ០០ នាទីទៀបភ្លឺ ។ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រង ជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ព្រះនាង មណ្ឌាទេវី ក្នុងកិរិយា គង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភៈ (សត្វលា) ជាពាហនៈយាន ។ ទ្រង់អម្ពរពស្ត្រា ពណ៌អន លម្អព្រះកាណ៌ដោយ ផ្កាចម្ប៉ា អាភរណៈទ្រង់ពាក់ កែវពិទូរ្យ ភក្សាហារទ្រង់សោយ សប្បិ (ទឹកដោះថ្លា) ទ្រង់អាវុធ ព្រះហស្តស្ដាំទ្រង់ម្ជុល ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ។
រណ្ដាប់ទទួលទេវតាឆ្នាំថ្មី តាមទំនៀមខ្មែរពីបុរាណរៀងមក គឺត្រូវរៀបរានទេវតានៅមុខផ្ទះ ក្រាលសំពត់ពណ៌ស ឬពណ៌តាមអម្ពររបស់ទេពធីតា សម្រាប់តាំងគ្រឿងពលិការផ្សេងៗ ។
សម្រាប់ប្រជារាស្ត្រធម្មតា រណ្ដាប់ទទួលទេវតាឆ្នាំថ្មី មានជាអាទិ៍ ៖
- បាយសី ៥ ថ្នាក់ ១ គូរ , ៣ ថ្នាក់ ១ គូរ
- បាយសី ប៉ាឆា ១ គូរ
- ស្លាធម៌មួយគូរ
- ចេកមួយគូរ
- ផ្លែឈើត្រឹម ៣ ទៅ ៥ មុខ រៀបចំទៅតាមធនធានរៀងៗខ្លួន
- គ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ
- នៅលើជើងពាន និងបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ ។
នៅវេលាទេពធីតាសង្ក្រាន្តឆ្នាំថ្មីយាងចុះមក ត្រូវជួបជុំ គ្រួសារ ដើម្បីថ្វាយបង្គំព្រះនមសិកា ព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតវិសុទ្ធ ជ្រះ ស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងទៅលើព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក លុះចប់ពិធីទទួលទេវតា ។ នៅក្នុងថ្ងៃសង្ក្រាន្តទាំងបីថ្ងៃ ប្រជាពលរដ្ឋប្រុសស្រីទាំង ឡាយត្រូវខំលះបងចិត្តអាក្រក់អន្យតិយជាប់ដោយគំនុំ គុំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យ ជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យទានតាម ប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតា នឹងឲ្យពរសព្ទសាធុការ ឲ្យលោកអ្នកមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ៕