កុំឆ្ងល់ណា! ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវនឹងចុះមកនេះ មិនមែនជិះសត្វគោទេ តែជិះសត្វលា (គទ្រភៈ) ជាពាហនៈ
មានការយល់ច្រឡំមួយបានកើតឡើងក្នុងស្រទាប់មហាជន ពិសេសក្មេងៗជំនាន់ក្រោយដែលមិនបានយល់ច្បាស់ពីពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ដែលនឹងខិតចូលមកដល់នាងពេលខាងមុខឆាប់ៗនេះ ដោយគេឃើញមានការលើឡើងព្រោងព្រាតបន្ទាប់ពីគេបានឃើញការផុសពីទេពធីតាឆ្នាំឆ្លូវ ទ្រង់ជិះពាហនៈជាសត្វលា ដែលមិនមែនជាសត្វគោតាមឆ្នាំនោះ ។
តាមពិតយានជំនិះទេវតាខុសពីពង្សធាតុនៃទេវតាដែលជាសត្វតាមឆ្នាំ ដោយគ្រប់គ្នាតែងតែគិតថារាល់ពេលចូលឆ្នាំ ទេវតាដែលទ្រង់នឹងយាងចុះមកគ្រងជម្ពូទ្វីប តែងមានយានជំនិះជាសត្វតំណាងឱ្យឆ្នាំនោះ ។ ឧទាហរណ៍ ឆ្នាំជូតជិះកណ្តុរ ឆ្នាំឆ្លូវជិះគោ ឬ ឆ្នាំខាលជិះខ្លា ជាដើម តែការពិតមិនដូច្នោះឡើយ ព្រោះបុត្រីកបិលមហាព្រហ្មមានតែ ៧ អង្គប៉ុណ្ណោះ ដែលទេពធីតាទាំង ៧ អង្គនោះ ទ្រង់មានយានជំនិះផ្ទាល់ មិនមែនសត្វទាំង ១២ ឡើយ ។
ខាងក្រោមនេះជា ថ្ងៃ និង ព្រះនាមទេពធីតា ព្រមទាំងយានជំនិះ ពេលទ្រង់ចុះគ្រងជម្ពូទ្វីប ដែលដកស្រង់ចេញពីសៀវភៅ មហាសង្ក្រាន្តខ្មែរ ៖
-ថ្ងៃអាទិត្យ ទេវតានាមនាង ទុង្សាទេវី ដែលមានយានជំនិះជាសុបណ្ណរាជ (ស្តេចគ្រុឌ)
-ថ្ងៃចន្ទ ទេវតានាមនាង គោរាគទេវី ដែលមានយានជំនិះជាព្យគ្ឃ: (ខ្លាធំ)
-ថ្ងៃអង្គារ ទេវតានាមនាង រាក្យសាទេវី ដែលមានយានជំនិះជាអស្សតរ (សេះ) ឬ សុករ: (ជ្រូក)
-ថ្ងៃពុធ ទេវតានាមនាង មណ្ឌាទេវី ដែលមានយានជំនិះជាគទ្រភៈ (លា)
-ថ្ងៃព្រហស្បត្តិ៍ ទេវតានាមនាង កិរិណីទេវី ដែលមានយានជំនិះជាគជសារ (ដំរី)
-ថ្ងៃសុក្រ ទេវតានាមនាង កិមិរាទេវី ដែលមានយានជំនិះជាមហិសារាជ (ស្តេចក្របី)
-ថ្ងៃសៅរ៍ ទេវតានាមនាង មហោទរាទេវី ដែលមានយានជំនិះជាមយូរ (ក្ងោក)
គួរឱ្យដឹងដែរថា សម្រាប់ឆ្នាំថ្មីនេះ ទេវតាមហាសង្ក្រាន្តនឹងចូលមកដល់នៅថ្ងៃពុធ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២១ វេលាម៉ោង ៤ ទៀបភ្លឺ ដែលត្រូវនឹងវេនព្រះនាង មណ្ឌាទេវី ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន (ខៀវខ្ចី) លម្អនូវព្រះកាណ៍ដោយសៀតផ្កាចម្បា អាភរណៈទ្រង់ពាក់កែវពិទូរ្យ ភក្សាហារទ្រង់សោយសប្បិ (ទឹកដោះ) ទ្រង់អាវុធ ព្រះហស្តស្តាំទ្រង់ម្ជុល ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទុំបិទព្រះនេត្រលើខ្នងគទ្រភៈ (សត្វលា) ជាពាហនៈ ៕
ប្រភពរូប ៖ ទេពធីតាសង្ក្រាន