ឆ្នាំនេះ អ្នកកើតឆ្នាំចទាំងប្រុសទាំងស្រី មានជោគខ្ពស់ បើបានរៀបការក្នុងឆ្នាំនេះទៀត គឺថាល្អផ្តាច់
សម្រាប់ឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រិស្តសករាជ ២០២១ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រង ជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនេះ ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ព្រះនាង មណ្ឌាទេវី ក្នុងកិរិយាគង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភៈ (សត្វលា) ជាពាហនៈយាន ។
នៅក្នុងឆ្នាំឆ្លូវត្រីស័កនេះដែរ ក៏មានទំនាយសម្រាប់លោកអ្នកកើតឆ្នាំចផងដែរ ដោយមានទំនាយដូចខាងក្រោម ៖
បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទូសសារាយយ៉ាងដូចម្តេចក៏ដោយខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន ។
បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ។ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង ៕