ប្រាប់តគ្នាផង! គួរកុំកោសខ្យល់ឱ្យក្មេងៗដាច់ខាត មនុស្សធំក៏ដូចគ្នា បើមិនចង់ជួបគ្រោះថ្នាក់ ៤ យ៉ាងនេះ
នៅតាមតំបន់មួយចំនួនស្ទើរទូទាំងប្រទេសកម្ពុជា នៅពេលមានអ្នកជំងឺណាម្នាក់មានអាការមិនស្រួលខ្លួនដោយប្រការណាមួយ គេនិយមឃើញប្រជាពលរដ្ឋយើង ជាពិសេសចាស់ៗនិយមកោសខ្យល់ឱ្យគ្នា រហូតដល់អ្នកខ្លះទៀតបានកោសឱ្យក្មេងតូចៗទៀតផង ដែលនេះអាចជាកត្តាប្រឈម និង បង្កនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដែលពួកគាត់ពុំដែលដឹង និង ពុំបានចាប់អារម្មណ៍។
ជាក់ស្ដែងតាមរយៈគ្រូពេទ្យជំនាញមួយរូប បានលើកឡើងនូវផលប៉ះពាល់ ក៏ដូចជាគ្រោះថ្នាក់ដែលកើតឡើងពីការកោសខ្យល់ ជាពិសេសទៅលើក្មេងៗ ដែលចំណុចទាំងនោះមានដូចជា ៖
១. ដោយសារការកកិតស្បែក និង សាច់ដុំ ធ្វើឱ្យកំដៅក្មេងរឹតតែក្តៅខ្លាំងឡើងថែមទៀត នាំឱ្យក្មេងប្រឈមនឹងការប្រកាច់។
២. ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើឱ្យក្មេងបាត់បង់ជាតិទឹក និង ជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនោះ នឹងនាំឱ្យកាន់តែបាត់បង់ជាតិទឹក និង ជាតិស្ករ នាំឱ្យក្មេងកាន់តែអស់កម្លាំង ឬ អាចសន្លប់។
៣. ការកោសខ្យល់ខ្លាំងៗ អាចនាំឱ្យខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើឱ្យកំទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតម្រងនោម (ខ្មែរយើងហៅក្រលៀន) ដែលបណ្ដាលឱ្យខូចតម្រងនោម។
៤. អាចនាំមានជំងឺរលាកស្បែក និង សាច់ដុំផ្សេងៗ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ឈប់កោសខ្យល់នេះ ជាពិសេសទៅលើកុមារ ដែលវាមិនត្រឹមតែនាំឱ្យមានផលវិបាកប៉ុណ្ណោះទេ តែថែមទាំងរឹតតែផ្ដល់គ្រោះថ្នាក់ដល់ក្មេងៗទៀតផង។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាសុខភាព អ្នកគប្បីនាំអ្នកជំងឺ ឬ កូនតូចៗទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ចៀសវាងមានហានិភ័យកើតឡើងនាំឱ្យមានវិប្បដិសារីក្នុងជីវិត៕
ប្រភព ៖ វេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA