ថ្មីៗនេះ បុរសម្នាក់ នៅប្រទេសឥណ្ឌា បានធ្វើឱ្យសាច់ញាតិក្រុមគ្រួសាររបស់លោកបះសក់គ្រប់គ្នា ក្រោយភ្លាមៗរូបលោកបានបង្ហាញខ្លួនវិលត្រឡប់មកផ្ទះវិញ ខណៈល្បីថាបានស្លាប់បាត់តាំងពី ៤៥ មុនមកម្ល៉េះ ។
បុរសម្នាក់ឈ្មោះ Sajid Thungal បច្ចុប្បន្នអាយុ ៧០ ឆ្នាំ បានចាកចេញពីស្រុកកំណើតនៅខេត្ត Kottayam រដ្ឋ Kerela ប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩៧៤ ដើម្បីទៅធ្វើការរកប្រាក់នៅឈូងសមុទ្រពែរ្ស ។ នៅឆ្នាំនោះ រូបលោកទើបមានវ័យ ២២ ឆ្នាំប៉ុណ្ណោះ ដែលជាវ័យកំពុងពេញកម្លាំង សម្រេចចិត្តចាកឆ្ងាយពីគ្រួសារ ទៅធ្វើជាអ្នករៀបចំកម្មវិធីសម្រាប់អ្នកចម្រៀង និង រាំពីឥណ្ឌា នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់ ។
រហូតមកទល់ខែតុលា ឆ្នាំ ១៩៧៦ ក្រុមសម្ដែងដែលលោក Thungal ធ្វើការជាមួយនោះ ត្រូវបានឱ្យដឹងថា បានស្លាប់ទាំងអស់ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយ ។ ទោះជាយ៉ាងណា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាលោក Thangal ជាសំណាងល្អ មិនបានស្ថិតនៅលើយន្តហោះក្នុងថ្ងៃកើតហេតុនោះទេ ប៉ុន្តែក្រុមគ្រួសាររបស់លោក នៅតែជឿជាក់ថា លោកបានស្លាប់ក្នុងហេតុការណ៍នោះហើយ ។
ប្រឈមជួបនឹងបញ្ហាគ្រោះថ្នាក់នោះភ្លាមៗ បានធ្វើឱ្យលោក Thangal បាត់បង់ការងារ ធ្លាក់ខ្លួនក្រលំបាកក្នុងរយៈពេលដ៏យូរ ។ លោកចាប់ផ្ដើមពិបាកចិត្ត និង តូចចិត្តចំពោះខ្លួនឯងជាខ្លាំង រហូតមិនហ៊ានទាក់ទងទៅសាច់ញាតិក្រុមគ្រួសារសោះឡើយ ។
ក្រោយមករូបលោក បានផ្លាស់ទៅរស់នៅក្រុង Mumbai ក្នុងឆ្នាំ ១៩៨២ ។ តាមសម្ដីរបស់លោក Thungal បានរៀបរាប់ថា «ខ្ញុំមិនទាក់ទងទៅក្រុមគ្រួសាររបស់ខ្ញុំឡើយ ព្រោះខ្ញុំមានអារម្មណ៍ថាខ្លួនឯងបរាជ័យខ្លាំង ។ ខ្ញុំថាខ្ញុំអាចរកលុយបានច្រើនហើយនៅឈូងសមុទ្រពែរ្ស ប៉ុន្តែធាតុពិតមិនមែនឡើយ ។ ខ្ញុំគិតថា ខ្ញុំនឹងធ្វើការចិញ្ចឹមខ្លួននៅ Mumbai រកលុយបាន ចាំទាក់ទងទៅគ្រួសារ ប៉ុន្តែនៅតែមិនដូចការរំពឹងទុកទៀត ។ បែបនេះហើយ ទើប ៤៥ ឆ្នាំមកនេះ នៅតែអ៊ីចឹង» ។
កាលពី ២ ឆ្នាំមុន មិត្តភក្តិម្នាក់របស់លោក Thungal បានប្រទះឃើញគាត់ មានសភាពក្រលំបាក ខ្សត់ខ្សោយ សឹងតែដើរមិនរួច ។ លោក ក៏បាននាំគាត់ទៅកន្លែងជ្រកកោនមួយ ។ នៅទីនោះ លោក Thungal មិនដែលរំឭកពីគ្រួសាររបស់លោកឡើយ រហូតមកដល់ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ។
អ្នកគ្រប់គ្រងកន្លែងជ្រកកោនរបស់លោក Thungal នៅពេលនោះ រូបគាត់បានធ្វើដំណើរទៅរដ្ឋ Kerala ហើយធ្វើការសាកសួរអ្នករស់នៅក្នុងខេត្ត Kottayam ទាក់ទងនឹងក្រុមគ្រួសារ Thungal ។ ជាលទ្ធផល អ្នកខេត្តនោះពិតជាស្គាល់ក្រុមគ្រួសារលោក Thungal មែន ហើយក៏បាននាំទៅជួបក្រុមគ្រួសារ Thungal ផងដែរ ។ ក្រុមគ្រួសាររបស់លោក ពិតជាមានភាពតក់ស្លុតជាខ្លាំង ក្រោយឃើញថា លោកនៅរស់រានបែបនេះ ។
ក្រោយបានទាក់ទងជួបគ្នាតាមវីដេអូខលរួចរាល់ បងប្អូនប្រុសរបស់លោក Thungal គ្រោងនឹងទៅក្រុង Mumbai នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ដើម្បីជួប និងនាំលោកត្រឡប់ជួបជុំគ្រួសារនៅផ្ទះឯស្រុកកំណើតវិញ ៕
ប្រភព៖ timesnownews