សប្បាយអរដើរទិញអ៊ីវ៉ាន់បញ្ចុះតម្លៃ តិចអត់ដឹងថាថ្ងៃ «Black Friday» ជាថ្ងៃអ្វី?
«Black Friday» គឺជាឈ្មោះមួយដែលត្រូវបានដាក់ឱ្យសម្រាប់ជាថ្ងៃដើរទិញទំនិញ ក្រោយថ្ងៃបុណ្យ «Thanksgiving» ដែលឱកាសនេះគេសង្កេតឃើញមានមនុស្សម្នាស្ទើរជុំវិញពិភពលោកបានសម្រុកនាំគ្នាទៅទិញរបស់ដែលខ្លួនពេញចិត្តតាមហាងនានានោះ។
ថ្ងៃ «Black Friday» នេះដែរទទួលបានឈ្មោះបែបនេះ ដោយសារតែក្នុងថ្ងៃនេះ មនុស្សជាច្រើនបាននាំគ្នាសម្រុកទៅទិញទំនិញយ៉ាងកុះករ។ «Black Friday» បានក្លាយជាថ្ងៃដែលរកលុយបានច្រើនបំផុតប្រចាំឆ្នាំសម្រាប់អ្នកលក់ទំនិញនានា។ ពាក្យថា «Black» គឺត្រូវបានប្រើប្រាស់ក្នុងការកំណត់បញ្ជាក់លើប្រាក់ចំណេញ ខណៈពាក្យថា «Red» គេសំគាល់ទៅលើប្រាក់ខាត។ ដូច្នេះហើយបានជាថ្ងៃ «Black Friday» មានឈ្មោះបែបនេះ គឺដោយសារតែថ្ងៃនេះដែរ ខាងអ្នកលក់ទំនិញគឺទទួលបានប្រាក់ចំណេញច្រើនបំផុត។
ដោយឡែក ចំពោះទស្សនៈមួយផ្សេងទៀតបានលើកឡើងថា មុនទទួលឈ្មោះជា «Black Friday» ក្នុងអំឡុងឆ្នាំ ១៩៥០ មនុស្សជាច្រើនបាននាំគ្នាដាក់ថ្ងៃនេះជាថ្ងៃដាក់ច្បាប់ឈឺ ដោយសារតែក្រោយថ្ងៃបុណ្យ «Thanksgiving» បើពួកគេដាក់ច្បាប់គឺអាចបានឈប់សម្រាកចុងសប្ដាហ៍បានរហូតដល់ទៅ ៤ ថ្ងៃ។ ជាមួយគ្នានឹងការដាក់ច្បាប់ឈប់នោះដែរ អ្នកដែលលេងល្បិចទាំងនោះ បាននាំគ្នាសប្បាយដើរផ្សារទិញទំនិញជាច្រើនយ៉ាងរីករាយ។ ដូចនេះ ជាជាងព្យាយាមកំណត់តាមដានមើលថា តើអ្នកណាឈឺពុត ឬ ឈឺមែននោះ ខាងបណ្ដាក្រុមហ៊ុនទាំងអស់ ក៏សម្រេចសម្រួលបន្ថែមថ្ងៃសុក្រនេះជាថ្ងៃឈប់សម្រាកតែម្ដង៕