ខ្សែភាពយន្តអ៊ីតាលីមួយដែលមានឈ្មោះថា «Omicron» ត្រូវបានចេញផ្សាយនៅឆ្នាំ ១៩៦៣ ហើយត្រូវបានសរសេរ និង ផលិតដោយក្រុមហ៊ុន Ufo Gregoretti ។ សាច់រឿងនៃភាពយន្តនេះ និយាយអំពីមនុស្សភពក្រៅដែលចុះកាន់កាប់រាងកាយរបស់មនុស្ស ដើម្បីអាចរៀនអំពីផែនដី ដោយចេតនានឹងឈ្លានពានភពផែនដីនៅពេលកំណត់មួយ ដែលយើងហៅថា ថ្ងៃវិនាសកម្មនៃពិភពលោក។
ការធៀបគ្នារវាងមេរោគមែនទែន និង រូបភាពមេរោគដែលត្រូវបានផលិតនាឆ្នាំ ១៩៦៣
ខ្សែភាពយន្ដនេះ មានរយៈពេល ១ ម៉ោង ៤២ នាទី បានចាក់ផ្សាយ និង ត្រូវបានគេផ្អើលចែករំលែកព្រោងព្រាត តាមបណ្តាញប្រព័ន្ធយូធូប នៅបស្ចិមប្រទេស ដោយភាគច្រើននៃមតិលើកឡើងនៃអ្នកទាំងនោះ មានការងឿងឆ្ងល់នូវអភូតហេតុនៃភាពចៃដន្យរវាងអ្វីដែលលើកឡើងរបស់ផលិតករ កាលពីឆ្នាំ ១៩៦៣ និង វីរុសកូវីដ-១៩ ដែលកំពុងបំប្លែងខ្លួនថ្មីមានឈ្មោះហាក់ពាក់ព័ន្ធគ្នា ហើយមានមតិលើកឡើងថា តើវាជា រឿងចៃដន្យ ឬ អាចបណ្តាលមកពីផលិតករអាចមើលឃើញពីរឿងអនាគត ទើបប្រឌិតកម្លាយនាដ្យកម្មភាពយន្តវីរុសឈ្លានពានរបស់មនុស្សក្រៅភពនេះឡើងមក។
យោងតាមសារព័ត៌មានរបស់អង់គ្លេសមានឈ្មោះថា iNews ក្រោយវិភាគលើផ្ទាំងរូបភាពមានស្លាកថា «វត្តមានមេរោគនេះគឺជាថ្ងៃដែលផែនដីត្រូវបានប្រែក្លាយទៅជាទីបញ្ចុះសព!» និង បង្ហាញមនុស្សពីរនាក់សម្លឹងមើលទៅលើរូបរាងចម្លែកនៅលើមេឃពេលយប់ បានឱ្យដឹងថា ប្រជាជនទូទាំងប៉ែកអឺរ៉ុប កំពុងចោទសួរថាតើភាពយន្តដែលបានចេញផ្សាយកាលពីជិត ៦០ ឆ្នាំមុន ពិតជាអាចទស្សន៍ទាយមេរោគ Covid ថ្មី ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងដោយអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង ហើយកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេសមែន ឬ យ៉ាងណា?
យោងតាមទស្សនៈអ្នកដែលមិនជឿរឿងនេះបានលើកឡើងអនុលោមតាមការបកស្រាយរបស់ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីខែឧសភាថា ខ្លួននឹងចាប់ផ្តើមដាក់ឈ្មោះប្រភេទផ្សេងៗដោយប្រើអក្សរក្រិច។ វ៉ារ្យ៉ង់ទាំងអស់មានឈ្មោះវិទ្យាសាស្ត្រ – ឧទាហរណ៍ Omicron’s គឺ B.1.1.529។
ដូច្នេះហេតុផលនៃតថភាពពិតរបស់ពិភពលោក និង ព្រឹត្តិការណ៍ដែលកើតចេញពីការផលិតភាពយន្តកាលឆ្នាំ១៩៦៣ គ្រាន់តែជាការចៃដន្យតែប៉ុណ្ណោះ។
ចុះប្រិយមិត្តប្រជាប្រិយយល់យ៉ាងណាដែរ?
ប្រភព៖ iNews