ថ្ងៃឆ្លងឆ្នាំ! កម្ពុជា មានភ្ញៀវបុកដើរលេងដល់ខ្ទង់លាននាក់ ខេត្ត-ក្រុងទាំងនេះ មានអ្នកទៅលេងច្រើនដាច់គេ
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យបានដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ នៅទូទាំងប្រទេសកម្ពុជា គឺទទួលបានភ្ញៀវទេសចរសរុបជាង ១ លាន ១ សែននាក់ ដែលក្នុងនោះរាជធានីភ្នំពេញ និង ខេត្តសៀមរាបមានអ្នកចូលទស្សនាច្រើនជាងគេ។
ក្នុងនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
១. រាជធានីភ្នំពេញ ៖ ៣៦៥ ៦៥៣ នាក់
២. ខេត្តសៀមរាប ៖ ១៨៩ ៤៣៦ នាក់
៣. ខេត្តកំពត ៖ ៩៦ ១៣៨ នាក់
៤. ខេត្តកំពង់ស្ពឺ ៖ ៨០ ១០០ នាក់
៥. ខេត្តកំពង់ឆ្នាំង ៖ ៧១ ៨៦៩ នាក់
៦. ខេត្តកែប ៖ ៦៦ ១៣៥ នាក់
៧. ខេត្តព្រះសីហនុ ៖ ៥៥ ៧១៧ នាក់។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និង ចរាចរណ៍ ជាដើម មានភាពល្អប្រសើរ មិនមានបញ្ហា ឬ ការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ នៅយប់ថ្ងៃឆ្លងឆ្នាំ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានរៀបចំកម្លាំងប្រចាំការនៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
ប្រភព ៖ ក្រសួងទេសចរណ៍