យោងតាមប្រភពរបាយការណ៍កូវីដ-១៩ ទូទាំងពិភពលោកបានឱ្យដឹងថា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នេះ សហរដ្ឋអាមេរិកបានបំបែកកំណត់ត្រាអត្រាអ្នកឆ្លងកូវីដ-១៩ ខ្ពស់បំផុត ក្រោយរកឃើញមានករណីឆ្លងថ្មីដល់ទៅជិតមួយលាននាក់ ក្នុងមួយថ្ងៃ។
តាមប្រភពបានឱ្យដឹងថានៅថ្ងៃច័ន្ទ ទី ៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ចំនួនអ្នកឆ្លងថ្មីមានសរុបដល់ទៅ ៩៧៨ ៨៥៦ ករណី ដោយបានរាប់បញ្ចូលនៅករណីខ្លះ ដែលរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក បានផ្តល់ទិន្នន័យយឺតនៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យកន្លងទៅ។
តួលេខដ៏ច្រើនសន្ធឹកសន្ធាប់មួយនេះ បានធ្វើឱ្យអាមេរិកបំបែកកំណត់ត្រាថ្មីមួយ ដែលពុំធ្លាប់មានពីមុន គឺអ្នកឆ្លងច្រើនជាងគេបំផុត។ គេសង្កេតឃើញថា ក្រោយពិធីបុណ្យឆ្លងឆ្នាំសកលកន្លងផុតទៅ ចំនួនអ្នកឆ្លងនៅសហរដ្ឋអាមេរិកបានកើនឡើងជាប្រចាំចន្លោះ ពី ៤០ ម៉ឺន ទៅ ៤៨ ម៉ឺននាក់ជារៀងរាល់ថ្ងៃ ដែលជាការព្រួយបារម្ភ។
ចំនួនអ្នកឆ្លងនៅថ្ងៃទី ៣ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង តែក្រោយមកនៅថ្ងៃទី ៤ ខែមករា ម្សិលមិញនេះ ចំនួនអ្នកឆ្លងក៏បានធ្លាក់ចុះមកសល់ត្រឹម ៥៦៧ ១៦០ ករណី ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៥៨ ០៤០ ១៨៤ ករណី អ្នកស្លាប់សរុប ៨៥១ ៤៣៦ ករណី និង អ្នកជាសះស្បើយសរុប ៤១ ៩០០ ៥២៣ ករណី។ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមានចំនួន ១៥ ២៨៨ ២២៥ ករណី៕
ប្រភព៖ Reuters & Worldometers