ឃើញឧកញ៉ា ម៉ុង ឫទ្ធី ជិះឡានពីកិប មិនពាក់អាវធំទៅហូបការ សន្តិសុខដេញទៅចតឆ្ងាយពីគេ ស្រាប់តែលោកដាក់មួយឃ្លាដ៏មានន័យបែបនេះ
ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់ ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ហើយ ដែលលោកជាបុគ្គលដែលប្រជាជនកម្ពុជាស្ទើរទូទាំងប្រទេស គោរពស្រឡាញ់ និង ឱ្យតម្លៃបំផុត ចំពោះទង្វើដ៏ល្អប្រពៃរបស់លោក តាមរយៈជំនួយមនុស្សធម៌ ក៏ដូចជាការផ្ដល់នូវការងារជូនពលរដ្ឋខ្មែរច្រើនសន្ធឹកឱ្យមានការងារធ្វើ មានប្រាក់ចំណូលចាកផុតពីភាពក្រីក្រ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោកឧកញ៉ា។
កន្លងទៅថ្មីៗនេះ លោកឧកញ៉ាបានបង្ហោះនៅលើផេកផ្លូវការរបស់លោកអំពីរឿង ដែលលោកបានចូលរួមពិធីមង្គលការមួយ នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែល ដោយបានជិះឡានពីកិប និង ស្លៀកសម្លៀកបំពាក់ធម្មតា ត្រូវបានសន្តិសុខដេញឱ្យទៅចតឡានឆ្ងាយពីគេ ទើបលោកបានបង្ហោះសារទូន្មានយ៉ាងមានអត្ថន័យមួយឃ្លាថា ៖ «សូមកូនចៅត្រូវចងចាំទុកក្នុងអារម្មណ៍ជានិច្ចថា គ្រឿងសម្ភារក្រៅខ្លួនទាំងអស់ និង ខ្លួនមិនមែនជារបស់យើងទេ កិត្តិយស និង សេចក្ដីថ្លៃថ្នូរ ទើបវាជារបស់យើងពិតប្រាកដណាកូនចៅ»។
ខាងក្រោមនេះជាសារទាំងស្រុងរបស់លោក ៖
«ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩៣ ចុះមកពិនិត្យមើលការរៀបចំផ្ទុក ជ័រកៅស៊ូបង្កកចូលនាវានៅចុងខាងជើងផែថ្មភ្នំពេញ ដើម្បីនាំចេញទៅកាន់ប្រទេសសឹង្ហបុរី បានឃើញសកម្មភាពក្រុមវិស្វករ ដែលកំពុងតែនាំគ្នាមមាញឹក តភ្ជាប់ស្ពានជ្រោយចង្វាឡើងវិញ ក្រោយពីត្រូវបានកាត់ផ្តាច់ដោយសារតែសង្រ្គាមឆ្នាំ ៧០ មានឱកាសបន្តិចដោយសារតែទើបនឹងទិញរថយន្ត BMW525 ថ្មីដំបូងគេ ពីម្តុំខាងជើងអាងទឹកអូឡាំពិក កាលណោះអាយុទើបតែ ៣៩ ឆ្នំា រាងដូចជាសង្ហាបន្តិចដែរ មានជញ្ជៀន នាឡិកាដៃ និង ខ្សែ-ក ហើយទើបតែចេះពាក់ស្បែកជើងឃ្លប់ដំបូងផង ដូចជានៅរាងភ្លើតភ្លើនចង់សម្ញែងគេឯងផង ក៏រកគេថតមួយប៉ុស្តិ៍រក្សាទុករហូតមកដល់ពេលនេះ ២៩ ឆ្នាំហើយ មើលឃើញរូបនេះម្តងៗ ដូចជាខ្មាសគេបន្តិចដែរ តែជាបន្តបន្ទាប់ខ្ញុំបានលះបង់អស់ហើយខ្សែ-ក ជញ្ចៀន នាឡិកាដៃ នៅសល់តែឡាន បើមិនជិះទៅណាមកណាមិនរួចទេ។
យប់មិញ ០៦៖០០ pm ០៩.០១.២០២២ ទៅចូលរួមក្នុងពិធីមង្គលការ របស់កូនលោក ហេង វណ្ណដា នៅសណ្ឋាគារសូហ្វីតែល គេឃើញខ្ញុំមានសម្លៀកបំពាក់មិនសមរម្យ ជិះរថយន្តពីកឹបគេសួរខ្ញុំថា ទើបតែមកពីចម្ការឬ ដោយសារតែភាគច្រើន គេស្លៀកពាក់អាវធំ ជិះរថយន្តសុតតែទំនើបៗមកចូលរួម រថយន្តខ្ញុំសន្តិសុខដេញឱ្យទៅចតឆ្ងាយពីគេ សូមកូនចៅត្រូវចងចាំទុកក្នុងអារម្មណ៍ជានិច្ចថា គ្រឿងសម្ភារក្រៅខ្លួនទាំងអស់ និង ខ្លួនមិនមែនជារបស់យើងទេ កិត្តិយស និង សេចក្ដីថ្លៃថ្នូរទើបវាជារបស់យើងពិតប្រាកដណាកូនចៅ»៕