ព្រះអើយ! ក្មេងអាយុ ៣ ឆ្នាំបាត់ខ្លួនរកមិនឃើញ រំលង ២ ថ្ងៃ ក្រុមការងារបូមប្រឡាយប្រទះឃើញ ឡើងស្លុតចិត្ត!
នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ នេះ អង្គភាពការពារកុមារ (CPU) បានបញ្ជាក់ពីករណីបេសកកម្មស្វែងរកកុមារអាយុ ០៣ ឆ្នាំ នៅខេត្តកំពង់ឆ្នាំង ដោយកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នៅវេលាម៉ោង ១០ ព្រឹក កន្លងទៅ នារីម្នាក់រស់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានរាយការណ៍អំពីការបាត់ខ្លួនរបស់កូនប្រុសអាយុ ០៣ ឆ្នាំពីមុខផ្ទះរបស់ខ្លួន ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋាន និង អ្នកភូមិ បាននាំគ្នាស្វែងរកកុមារបាត់ខ្លួន តែរកពុំឃើញឡើយ។
លុះនៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងពីការបាត់ខ្លួននេះ និង បានបញ្ជូនកម្លាំងក្រុមការងារស៊ើបអង្កេត និង កម្លាំងសុនខជំនាញ ដើម្បីផ្តល់ជំនួយបន្ថែមក្នុងការស្វែងរក។ ជាក់ស្ដែង ក្នុងរយៈពេល ២ ម៉ោង សុនខជំនាញបានតាមដានទៅដល់ប្រឡាយទឹកមួយ ដែលមានចម្ងាយប្រហែល ៤០០ ម ពីទីតាំងដែលគេបានឃើញកុមារបាត់ខ្លួនជាលើកចុងក្រោយ។
ភ្លាមៗនោះ អង្គភាពការពារកុមារ (CPU) បានស្នើសុំជំនួយពីប្រជាពលរដ្ឋ និង យកសម្ភារបូមទឹក ដើម្បីបូមទឹកប្រឡាយចេញ ស្រាប់តែ ២០ នាទីក្រោយ សាកសពរបស់កុមារអាយុ ៣ ឆ្នាំ នេះត្រូវបានរកឃើញ។ អង្គភាពការពារកុមារ (CPU) បានបញ្ជូនក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅកន្លែងកើតហេតុភ្លាមៗ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលជាតិកម្ពុជា បានធ្វើកោសលវិច្ច័យទៅលើសាកសពរបស់ក្មេងនេះ។
ក្រោយការពិនិត្យត្រូវបានបញ្ចប់ ក្រុមការងារទាំងអស់ បានធ្វើការពិភាក្សាជាមួយមន្រ្តីស៊ើបអង្កេត និង មន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង។ មូលហេតុនៃការស្លាប់ជាក់ស្តែងគឺត្រូវបានរកឃើញថា ដោយការលង់ទឹកចៃដន្យ។ តាមរយៈសោកនាដ្យកម្មដ៏សោកសៅនេះ អង្គភាពការពារកុមារ (CPU) ក្រុមការងារស៊ើបអង្កេត និង មហាជនទាំងអស់ នាំគ្នាថ្លែងនូវការសោកសៅ ជូនចំពោះក្រុមគ្រួសាររងគ្រោះ និងសាច់ញាតិទាំងអស់ និង បានថ្លែងអំណរគុណ ទៅដល់អ្នកដែលបានផ្តល់ជំនួយ ក្នុងការស្វែងរកសាកសពនេះ៕
ប្រភព ៖ Child Protection Unit