សិស្សធ្លាក់បាក់ឌុបរាប់រយនាក់ នាំគ្នាមកមុខក្រសួងអប់រំថ្ងៃនេះ ទាមទារធ្វើកំណែវិញ្ញាសារឡើងវិញ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល មានសិស្សដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រមាណជិត ២០០ នាក់ បាននាំគ្នាឈរត្រៀបត្រានៅមុខទីតាំងក្រសួងអប់រំយុវជន និង កីឡា នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ នេះ ក្នុងគោលបំណង ទាមទារឱ្យក្រសួងអប់រំ យុវជន និង កីឡា ធ្វើកំណែវិញ្ញាសារប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ខណៈដែលពួកគេពុំអស់ចិត្តនឹងលទ្ធផលនោះទេ។
គួររំឭកផងដែរថា កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ដែលមានមណ្ឌលប្រឡងនៅគ្រប់រាជធានី-ខេត្ត សរុប ២០៤ មណ្ឌល បន្ទប់ប្រឡង ៤ ៦១៥ បន្ទប់ និង បេក្ខជនចុះ ឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧ នាក់ ដែលក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ ៤ ៤១៧ នាក់ ជាបេក្ខជនស្វៃរិន ៣ ៤៣៦ នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ២០៣៥ នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។
ក្នុងនោះក្រសួងបានបញ្ជាក់ឱ្យដឹងទៀតថា បេក្ខជនប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១. ៦៣៤ នាក់ (ឆ្នាំ ២០១៩ ចំនួន ៥៨៤៧ នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ (ឆ្នាំ ២០១៩ ចំនួន ១៤ ១០០ នាក់), និង និទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ ២០១៩ ចំនួន ៥៦ ២៣២ នាក់)៕